សមាជិកក្រុមប្រឹក្សារាជធានីស្នើសុំសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនិងការ កោតសរសើរ មន្ទីរសុខាភិបាលរាជធានីបានគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ
ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើសុំអោយសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយនិងការ កោតសរសើរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។
ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោមអធិបតីភាពឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណា កាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍ ដោយយើងបានពង្រឹងការអនុវត្តច្បាប់ចរាចរ ការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥ទៅ៦នាក់នេះ បើយើងគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រនិងការអប់រំផ្សេងៗ តើយើងត្រូវខាតបង់ ថវិកានិងពេលវេលានៃការចិញ្ចឹមអស់ប៉ុណ្ណា ហើយមកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ ឯកឧត្ដមបន្តថសដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានរិះរកអស់គ្រប់
មធ្យោបាយ ដើម្បីកាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍នេះ។ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ លុះត្រាតែមានការចូលរួមទាំងអស់គ្នា។
ឯកឧត្ដមកើត ឆែ បានបន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម កើត ឆែ នៅតែជម្រុញអោយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អ លើវិស័យសុខាភិបាលនេះ។
ឯកឧត្ដមកើត ឆែ បានបញ្ជាក់ផងដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។ សំរាប់ឆ្នាំ២០២៤នេះ វេទិការនេះនឹងត្រូវធ្វើឡើងនៅខែក្រោយនេះហើយ។ដូច្នេះទេ ស្នើអោយប្រធានមន្ទីរទាំងអស់ចូលរួមគ្រប់វេទិកា ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ជៀសវាងអោយអនុប្រធានទៅជំនួស ដែលគាត់មិនមានសិទ្ធិ អា កាត់ឬសម្រេចបាននោះ។
ឯកឧត្ដមជួប ខុន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាចំនួនបីលើកជាប់គ្នា។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីភ្នំពេញ។
៥- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើទឹកចិត្ត របស់រដ្ឋបាលរាជធានីភ្នំពេញ។
៦- ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌ ទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋនៅក្នុងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។
៧- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤៕