ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ជាសមិទ្ធផលនិងកុសលរបស់អ្នកដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា

38


សាធារណរដ្ឋកូរ៉េ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពេលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ សម្ដេចបានចាត់កិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផលនិងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នាដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។
គួរជម្រាបថា ពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ គឺធ្វើឡើងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងឃ្យូងយូ ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សញ្ញាបត្រកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេចតេជោ ដើម្បីរំដោះជាតិពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។
សម្ដេចតេជោបានបញ្ជាក់ជូនប្រតិភូអន្តរជាតិថា សុខសន្តិភាពបច្ចុប្បន្ននេះ គឺជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិកម្ពុជាពុំដែលបានស្គាល់ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់ប្រទេសកម្ពុជា សញ្ញាបត្រកិត្តិយសនេះ គឺជាការទទួលស្គាល់គុណតម្លៃនៃភាពជាអ្នកដឹកនាំ បញ្ញាញាណ ស្មារតីស្នេហាជាតិ ភាពទន់ភ្លន់ អត់ឱន និងភាពជាម្ចាស់របស់ជនជាតិខ្មែរទៅលើសុខសន្តិភាព និងជោគវាសនារបស់ប្រជាជាតិខ្លួន។ នេះគឺជាការទទួលស្គាល់ថាបទពិសោធន៍ប្រវត្តិសាស្ត្រ និងគុណតម្លៃដឹកនាំកសាងសន្តិភាព កសាងជាតិរបស់កម្ពុជា អាចផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការបណ្តុះស្មារតីសន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅលើមជ្ឈដ្ឋានអន្តរជាតិ។ នេះក៏ជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា អ្វីៗដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកន្លងមក គឺជាការដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់សន្តិភាពជាតិនិងអន្តរជាតិ។
«ខ្ញុំសូមឧទ្ទិសសមិទ្ធផលនេះជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា» គឺជាប្រយោគសំខាន់ដែលសម្ដេចតេជោបានចាត់កិត្តិយសនេះជាសមិទ្ធផលនិងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នាដែលបានពលីជីវិតដើម្បីជាតិ។
ទាញចេញពីសមិទ្ធផលទាំងនេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា មេរៀនរបស់កម្ពុជានឹងអាចជួយបណ្តុះនិងពង្រឹងស្មារតីស្រឡាញ់សន្តិភាពសម្រាប់យុវជនជំនាន់ក្រោយនៅជុំវិញពិភពលោក ជំរុញឱ្យពួកគេស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាពដែលមានស្រាប់ បញ្ចប់សង្គ្រាមដែលកំពុងឆាបឆេះ ដើម្បីឱ្យមនុស្សជាតិយើង ស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យដុងហុក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលយល់ដឹងពីគុណតម្លៃសន្តិភាព បន្ថែមលើចំណេះដឹងជំនាញដែលចាំបាច់សម្រាប់ប្រកបការងារវិជ្ជាជីវៈរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង