ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បង្ហើបអំពីគម្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅជាក្រុមភេរវកម្ម ដើម្បីទប់ស្កាត់រាល់សកម្មភាពដែលប៉ងបំផ្លាញសន្ដិភាព

37

សាធារណរដ្ឋកូរ៉េ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហើបអំពីគម្រោងក្នុងការធ្វើច្បាប់ ដើម្បីដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ ដើម្បីទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញសន្ដិភាពរបស់កម្ពុជា។
គម្រោងការធ្វើច្បាប់នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បង្ហើបឲ្យដឹងតាមរយៈបាឋកថាពិសេស ស្ដីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» នៅពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់សាធារណរដ្ឋកូរ៉េ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើបញ្ហានេះយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាការពារនូវសុខសន្ដិភាព ដែលស្វែងរកបានដោយលំបាកកាលពីអតីតកាល ខណៈអ្នកដែលប៉ុនប៉ងចង់បំផ្លាញសន្ដិភាព មិនទាន់បោះបង់គំនិតអាក្រក់របស់គេឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគួរតែត្រូវបាននិយាយនៅទីនេះថា ប្រហែលកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងពិចារណាទៅលើបញ្ហានេះ ព្រោះថាអ្នកប៉ុនប៉ងបំផ្លាញនូវសន្ដិភាពរបស់យើង ក៏នៅតែមាននៅឡើយ។ ដូច្នេះដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឲ្យហ្មត់ចត់»។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា រយៈពេល២៦ឆ្នាំ ដែលកម្ពុជាពោរពេញដោយសន្ដិភាព និងការអភិវឌ្ឍនេះ ប៉ុន្ដែជាសន្ដិភាពដែលវែងជាងគេក្នុងប្រវត្តិសាស្ដ្រ៥០០ឆ្នាំមកនេះ ពោលសន្ដិភាព សូម្បីតែសម័យសង្គមរាស្ដ្រនិយម មានត្រឹមតែចន្លោះ១៦-១៧ឆ្នាំតែប៉ុណ្ណោះ។ សម្ដេចបន្ដថា កម្ពុជា មិនត្រូវការសន្ដិភាពត្រឹម២៦ឆ្នាំនេះទេ ប៉ុន្ដែកម្ពុជា ត្រូវការសន្ដិភាពជារៀងរហូតតទៅ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្ដាយ នៅពេលដែលកម្ពុជាកំពុងមានសុខសន្ដិភាព បែរជាទទួលរងការរិះគន់ថា និយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ហើយយុវជនមួយចំនួនបានភ្លេចនូវគុណតម្លៃ នៃសន្តិភាពជាបណ្ដើរៗ ហើយខ្លះទៀតថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។
ក្នុងន័យនេះ សម្ដេចបានគូសបញ្ជាក់ថា និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់ ដែលសហគមន៍អន្តរជាតិ ទាំងមូលត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋ អំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង