ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ៖កោតសរសើរសមិទ្ធផលនានាដែលក្រុមប្រឹក្សានិងរដ្ឋបាលខណ្ឌសហការគ្នាសម្រេចបាននូវបញ្ហាប្រឈមនានា ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខណ្ឌ

78

ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា​ ២០២៤​ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៤ ។
វេទិកានេះ មានការអញ្ជើញប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវនិងគណៈអភិបាលខណ្ឌមន្ត្រីចំណុះរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មន្ត្រីពាក់ព័ន្ធនានា តំណាងអង្គការ សង្គមស៉ីវិល វិស័យឯកជន និងប្រជាពលរដ្ឋសរុប ៥៩៥នាក់។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ នាពេលនេះ បានផ្ដោតលើ ប្រធានបទ ចំនួន៣រួមមាន៖១. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ២.ការងារអភិវឌ្ឍមូលដ្ឋាន៣. ការងារបរិស្ថាន
ថ្លែងក្នុងឱកាសបូកសរុបលទ្ធផលការងារ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌប្ញស្សីកែវ បានថ្លែងការកោតសរសើរសមិទ្ធផលនានាដែលក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌសហការគ្នាសម្រេចបាននូវបញ្ហាប្រឈមនានា ក្នុងការបម្រើសេវា
សាធារណៈជូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌនាឆ្នាំកន្លងមក ។
ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា ការចូលរួមផ្ដល់មតិយោបល់ សំណួរ និងសំណូមពរ របស់ លោក-លោកស្រី នាថ្ងៃនេះ បាននាំមកនូវសក្តានុពលដ៏ធំធេង ធ្វើឱ្យរដ្ឋបាលខណ្ឌអាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលរដ្ឋបាលខណ្ឌ បានអនុវត្តនាពេលកន្លងមក និងអាចឲ្យគណៈអភិបាលខណ្ឌយកទៅពិចារណា ធ្វើការកែលម្អឡើងវិញឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
មុនប្រកាសបិទវេទិកា ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ សង្កាត់និងភូមិ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវា សាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយ ប្រសិទ្ធភាព រហ័ស និងការទទួលខុសត្រូវខ្ពស់ ហើយត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា ដូចជា៖ បញ្ហាក្មេងទំនើង សន្តិសុខ សណ្តាប់ធ្នាប់ ការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ សំដៅអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ធានាបានសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាជនយើង ៕

អត្ថបទដែលជាប់ទាក់ទង