ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រធានាធិបតីអាមេរិក៖សន្យាកាត់បន្ថយការតម្រូវ ឱ្យមានសញ្ញាបត្រដើម្បីចូលបម្រើការងាររដ្ឋ បើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី

65

វ៉ាស៉ីនតោន៖បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា លោកស្រីនឹងកាត់បន្ថយការតម្រូវឱ្យមានសញ្ញាបត្រថ្នាក់មហាវិទ្យាល័យ សម្រាប់ការចូលបម្រើការងាររដ្ឋ ប្រសិនបើលោកស្រីជាប់ឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៤។
លោកស្រី Harris និងបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Donald Trump កំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងតឹងតែង សម្រាប់ការបោះឆ្នោតសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ខណៈបេក្ខជនទាំងពីររូបលើកយកការសន្យាផ្នែកសេដ្ឋកិច្ច ដើម្បីទាក់ទាញចិត្តអ្នកបោះឆ្នោត។
ថ្លែងនៅឯនៅទីក្រុង Wilkes-Barre រដ្ឋ Pennsylvania លោកស្រី Harris បញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងលុបចោលនូវការតម្រូវឱ្យមានសញ្ញាបត្រដែលមិនចាំបាច់ សម្រាប់ការងារមួយចំនួនក្នុងសហព័ន្ធ ដើម្បីបង្កើនឱកាសការងារដល់អ្នកគ្មានសញ្ញាបត្រ រយៈពេល ៤ឆ្នាំ»។ លោកស្រីបន្ថែមថា «សញ្ញាបត្រមិនបានកំណត់ពីជំនាញរបស់មនុស្សទេ ហើយ ខ្ញុំ នឹង ជំរុញវិស័យ ឯកជន ឱ្យធ្វើដូចគ្នាដែរ»។
គួរបញ្ជាក់ថា ៦២ភាគរនៃជនជាតិអាមេរិក ដែលមានអាយុចាប់ពី ២៥ឆ្នាំឡើងទៅ មិនទាន់មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនៅឡើយទេ ហើយបើតាមទិន្នន័យចេញផ្សាយដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក នៅដើមឆ្នាំ ២០២៣ ជនជាតិអាមេរិកដែលគ្មានសញ្ញាបត្រថ្នាក់មហាវិទ្យាល័យ បានរួមចំណែកភាគច្រើនក្នុងចំណោមអ្នកបោះឆ្នោត កាលពីឆ្នាំ ២០២០៕

អត្ថបទដែលជាប់ទាក់ទង