ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុងជិត៥០០គ្រឿង ដើម្បីជូនប្រជាពលរដ្ឋទៅស្រុកកំណើតនារដូវភ្ជុំខាងមុខ

57

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាឱកាសរដូវភ្ជុំ ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងសាធារណៈចំនួន៥០០គ្រឿង ដើម្បីត្រៀមជូនប្រជាពលរដ្ឋទៅស្រុកកំណើត ឬតាមបណ្ដាខេត្តផ្សេងៗរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ពោលគឺ មុនថ្ងៃភ្ជុំបិណ្ឌ (ភ្ជំធំ) និងក្រោយថ្ងៃភ្ជុំបិណ្ឌ ចំនួន១ថ្ងៃ។
សម្ដេចធិបតីបញ្ជាក់បែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
សម្ដេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនត្រូវការធ្វើដំណើរទៅផ្ទះ អ៊ីចឹងខ្ញុំសូមប្រគល់ជូនឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីខេត្ត រៀបចំរថយន្តក្រុងដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ។ ឥឡូវឡានក្រុងរាយការណ៍ហើយ គេថារៀបចំ៥ថ្ងៃ ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា មានន័យថាមុនថ្ងៃគាត់ទៅផ្ទះ និងក្រោយថ្ងៃភ្ជុំបិណ្ឌ មួយថ្ងៃ។ អ៊ីចឹងត្រឡប់មកវិញ ដូចជាត្រៀមជិត៥០០គ្រឿង គឺ៤៩៧គ្រឿងត្រៀមដឹកទៅតាមបណ្ដាខេត្តទាំងអស់ជូន ហើយកុំភ្លេចទឹកជូនបងប្អូនប្រជាពលរដ្ឋដូចមុនផង រៀបចំបានល្អ»។
សូមបញ្ជាក់ថា ការបន្តរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋទៅស្រុកកំណើត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរថមន្រ្តីនៅពេលនេះ គឺជាការបន្តជួយដល់បងប្អូនប្រជាពលរដ្ឋ តាមគំរូវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកន្លងមករៀងរាល់រដូវបុណ្យទានម្ដងៗ មិនថារដូវភ្ជុំ ចូលឆ្នាំ ឬ ក្នុងឱកាសថ្ងៃបោះឆ្នោតទេ សម្ដេចតេជោ ហ៊ុន សែន តែងតែរៀបចំឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋ តាមរយៈរថយន្តក្រុងសាធារណៈដែលមានអនាម័យ ផាសុកភាព និងព្រមជាមួយទឹកសុទ្ធត្រជាក់ៗ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរ ដើម្បីជួយសម្រួលការចំណាយលើថ្លៃធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មក-កម្មការិនី ទៅកាន់ស្រុកកំណើតបានដោយងាយស្រួល និងមិនអស់ប្រាក់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង