ប្រមុខ NATO គាំទ្រឱ្យជជែកគ្នា ជុំវិញលទ្ធភាពប្រើមីស៉ីលវាយប្រហារចូលទឹកដីរុស្ស៉ី ប៉ុន្តែសម្រេចលើប្រទេសរៀងៗខ្លួន
ឡុងដ៏៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg បានប្រកាសស្វាគមន៍ការពិភាក្សាគ្នា ជុំវិញបញ្ហាប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ វាយប្រហារលើទឹកដីរុស្ស៉ីដែលអ៊ុយក្រែនស្នើសុំ ប៉ុន្តែថារាល់ការសម្រេចនានា គឺអាស្រ័យលើសម្ព័ន្ធមិត្តរៀងៗខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
ប៉ុន្មានខែមកហើយ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើដល់សម្ព័ន្ធមិត្ត អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៉ីលលោកខាងលិច រួមទាំងមីស៉ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារលើទឹកដីរុស្ស៉ី។ ប៉ុន្តែគ្មានការប្រកាសណាមួយទេ ក្រោយកិច្ចពិភាក្សាកាលពីសប្តាហ៍មុន រវាងលោក Keir Starmer នាយករដ្ឋមន្រ្តីអង់គ្លេស និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងទីក្រុងវ៉ាស៉ីនតោន ជុំវិញបញ្ហានេះ។
លោក Stoltenberg គូសបញ្ជាក់ថា «ខ្ញុំស្វាគមន៍ចំពោះការអភិវឌ្ឍ និងការសម្រេចចិត្តទាំងនេះ ប៉ុន្តែវាអាស្រ័យលើសម្ព័ន្ធមិត្តរៀងៗខ្លួន ជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ»។ នៅពេលត្រូវបានសាកសួរពីការលើកឡើងរបស់ លោក ពូទីន ថាលោកខាងលិចនឹងត្រូវធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៉ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធរបៀបនេះមែននោះ លោក Stoltenberg ឆ្លើយថា «មិនមានជម្រើសណា ដែលគ្មានហានិភ័យទេ នៅក្នុងការធ្វើសង្គ្រាម។ ប៉ុន្តែខ្ញុំ នៅតែជឿថា ហានិភ័យដ៏ធំបំផុតសម្រាប់ពួកយើង សម្រាប់អង់គ្លេស សម្រាប់ណាតូ នោះគឺប្រសិនបើលោក ពូទីន ឈ្នះសង្រ្គាមនៅអ៊ុយក្រែន»៕