ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា

31


ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (Tony Blair Institute of Global Change) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានជម្រាបជូនសម្ដេចធិបតី អំពីសកម្មភាពការងាររបស់វិទ្យាស្ថានTony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទាន ផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។
លោក Tony Blair បានបង្ហាញអំពីបំណងនៃការផ្តល់កិច្ចសហការ ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលររួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងបេសកកម្មរ បស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណ ចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 
សម្តេចធិបតីបានជម្រាបជូនដោយសង្ខេប នូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ទិសដៅបន្ត និងចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
សម្ដេចធិបតី និងលោក Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពីវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍ ៖ វិស័យអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យសុខាភិបាល , វិស័យឌីជីថល និងការវិនិយោគ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង