ឯកឧត្ដម ឈាង រ៉ា ជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទូទាំងប្រទេស បន្តកែលម្អការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង
ភ្នំពេញ៖ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្តខិតខំពង្រឹង និងពង្រីកសមត្ថភាព និងកែលម្អនូវចំណុចខ្វះខាតដែលយើងធ្លាប់មាន ឲ្យមានល្អប្រសើរ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។
ការថ្លែងដូច្នេះរបស់ឯកឧត្ដមសាស្ត្រាចារ្យ ក្នុងឱកាសធ្វើបទបាឋកថាលើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៨១៥នាក់ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គជួបជុំពីវេទិកាផងដែរពីពិភាក្សាជាមួយក្លឹបអ្នកកាសែត ដែលក្នុងវេទិការនេះ លោកសាស្រ្តាចារ្យបានបង្ហាញពី (១)សមិទ្ធិផលរបស់វិស័យសុខាភិបាល រួមនឹង(២)ស្ថានភាពសុខភាព និងកត្តាកំណត់សុខភាព (៣)ការប្រឈមមុខ និង (៤)ឱកាសសម្រាប់ដែលនឹងត្រូវកែលំអបន្តទៀត។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាលគ្រប់លំដាប់ថា្នក់មានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយឧបសគ្គទាំងឡាយឱ្យក្លាយទៅជាឱកាស ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។ ជាឧទាហរណ៍ជាក់ស្តែង លោកសាស្រ្តចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យមណ្ឌលសុខភាព ហ៊ុនសែន កែវផុស នៃខេត្តព្រះសីហនុ ដោយមិនប្រាប់មុន ហើយពិនិត្យឃើញថា មណ្ឌលសុខភាពមានការវិវត្តន៍ច្រើន កាលពីកន្លងមក ដោយពេលនេះមណ្ឌលសុខភាពមានអនាម័យល្អ មានបុគ្គលិកផ្តល់សេវាបានយ៉ាងល្អ។
ជាងនេះទៀតឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ព័ត៌មានត្រឡប់ ដល់មណ្ឌលសុខភាពសម្រាប់ធ្វើការកែលំអបន្ថែមលើការបដិសណ្ឋារកិច្ច និងលក្ខណៈបច្ចេកទេស។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទូទាំងប្រទេសបន្តកែលំអឱ្យកាន់តែប្រសើរឡើង។
បន្ទាប់មកឯកឧត្ដមសាស្ត្រាចារ្យ បានអនុញ្ញាតដល់ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វើបទបង្ហាញដោយប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់សេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យ៕