ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៉ីរ៉ង់ សន្យាធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងមូស្គូ កាន់តែស៉ីជម្រៅ

47

តេហេរ៉ង់៖ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានសន្យាថា ប្រទេសរបស់លោកនឹងធ្វើឱ្យ ទំនាក់ទំនងជាមួយរុស្ស៉ី កាន់តែស៉ីជម្រៅ ដើម្បីប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ចំពេលដែលអាមេរិកំពុងបារម្ភពី លទ្ធភាពដែលទីក្រុងតេហេរ៉ង់ ផ្គត់ផ្គង់មីស៉ីលឱ្យទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។
មន្រ្តីសន្តិសុខកំពូលរុស្ស៉ី លោក Sergei Shoigu បានទៅដល់រដ្ឋធានីតេហេរ៉ង់ មួយថ្ងៃបន្ទាប់ពីជួបប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់ លោក Pezeshkian ដែលប្រាប់ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិ លោក Shoigu ដូច្នេះថា «រដ្ឋាភិបាលរបស់ខ្ញុំ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ នូវកិច្ចសហប្រតិបត្តិការ និងវិធានការដែលកំពុងបន្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាង ទីក្រុងតេហេរ៉ង់-ទីក្រុងមូស្គូ នឹងអភិវឌ្ឍតាមរបៀបជាអចិន្ត្រៃយ៍ ក៏ដូចជាដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិច»។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បានបដិសេធបញ្ជូនមីស៉ីលបាលីស្ទិកទៅរុស្ស៉ី ខណៈដែលរុស្ស៉ីថា មានតែអ៉ីរ៉ង់ដែលជាដៃគូគ្រប់ផ្នែករបស់ខ្លួន។ ដំណើរទស្សនកិច្ចរបស់ លោក Shoigu នៅអ៉ីរ៉ង់នាពេលនេះធ្វើឡើង ចំគ្រាដ៏សំខាន់មួយនៃសង្រ្គាម ដោយអ៊ុយក្រែន បាននិងកំពុងដាក់សម្ពាធ ឱ្យអាមេរិក និងសម្ព័ន្ធមិត្តអនុញ្ញាតឱ្យខ្លួន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារចូលទឹកដីរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង