ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ៖ ស្នើឱ្យប្រទេសម៉ារុក គួរពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ‘

26


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យប្រទេសម៉ារុក គួរពិចារណាចូលរួមជាសមាជិករដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីសម្រេចបាននូវផែនការសៀមរាប-អង្គ២០២៥-២០២៩ ។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានបញ្ជាក់បែបនេះ នៅក្នុងជំនួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Omar Zniber ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រម៉ារុក ប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេសម៉ារុក ឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត លី ធុជ បានអរគុណដល់ប្រទេសម៉ារុក ដែលតែងតែគាំទ្រដល់អនុសញ្ញាអូតាវ៉ា និងបានគោរពតាមបទដ្ឋាន និងគោលការណ៍នានា របស់អនុសញ្ញាទោះបីប្រទេសម៉ារ៉ុក មិនមែនជារដ្ឋភាគីអនុសញ្ញាក៏ដោយ។ កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា និងបន្ដខិតខំប្រឹងប្រែងកៀរគរប្រទេសដែលស្រលាញ់សន្តិភាព ឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីរួមគ្នាស្វែងរកសន្តិភាពជូនដល់ពិភពលោក ហើយក្នុងន័យនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រទេសម៉ារ៉ុក ឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពី ការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានដឹកនាំរៀបចំ នៃកម្មវិធីប្រជុំនានា នៅខេត្ដសៀមរាប ។
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាបានដឹកនាំពិនិត្យលើការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ឆ្នាំ២០២០- ២០២៤ និងបានរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ ២០២៥-២០២៩ ដោយសង្ឃឹមថា ផែនការថ្មីនេះ នឹងអាចជួយឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា។
ឯកឧត្តម Omar Zniber បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ា និងបានបង្ហាញឆន្ទៈក្នុងការបន្តគាំទ្រ និងគោរពតាមគោល ការណ៍ និងបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។
សូមបញ្ជាក់ថា ទ្វីបអាហ្រ្វិកទាំងមូល នៅសល់ប្រទេសចំនួន ៣ ដែល មិនទាន់បានចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា រួមមាន ៖ ប្រទេសម៉ារ៉ុក អេហ្ស៊ីប និង លីប៊ី។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជាបានខិតខំប្រឹងប្រែងកៀរគរប្រទេសទាំងបីឱ្យចូលរួមជារដ្ឋភាគី តាមរយៈសន្និសីទថ្នាក់តំបន់អាហ្វ្រិកនៅប្រទេស ហ្គាណា ជំនួបទ្វេភាគី និងពហុភាគី ជាដើម ៕ . ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង