ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្តាល បញ្ជាក់ថាទីតាំងបង្គោល ព្រំដែននៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន,វត្តប៉ាកណាម មិនស្ថិតក្នុងទឹកដីវៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ

45

កណ្តាល៖ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ដែលបានចុះទៅដោយផ្ទាល់បានបញ្ជាក់ អំពីទីតាំង បង្គោល ព្រំដែន (កម្ពុជា-កូសាំងស៊ីន) ស្ថិតនៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ដែល ត្រូវបាន រក្សា ការពារ ដ៏រឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ហើយវត្តប៉ាកណាម មិនស្ថិតនៅក្នុងទឹកដីរបស់វៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួនតូចនោះទេ។
នៅក្នុងឱកាសចុះពិនិត្យបង្គោលព្រំដែន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្ដមអភិបាលខេត្តកណ្តាល ក៏បានទទូចសុំអ្នកអត្ថាធិប្បាយដែលលើកយករឿងព្រំដែនប្រឌិតជាព័ត៌មានមិនពិត សូមមេត្តាផ្តល់យុត្តិធម៌ ដល់កងកម្លាំងដែលបានខិតខំការពារបូរណភាពទឹកដីផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្ដមខេត្តកណ្តាល បានទទូចសុំដល់ប្រជាពលរដ្ឋ និងអ្នកអត្ថាធិប្បាយដែលអះអាងថា ស្រឡាញ់ជាតិ សូមធ្វើការអត្ថាធិប្បាយ ឱ្យបានសមស្រប ហើយច្បាស់ គឺត្រូវមកមើលឱ្យច្បាស់នឹងភ្នែកពីបង្គោលព្រំដែន នោះវានឹងផ្តល់យុត្តិធម៌សម្រាប់យើងទាំងអស់គ្នា។
ឯកឧត្ដមគួច ចំរើន បានបញ្ជាក់ថា ចំពោះការចោទប្រកាន់ថា វត្តប៉ាកណាម គឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាម គឺជារឿងមិនពិត ខណៈវត្តមានចម្ងាយពីបង្គោលព្រំដែនជាង ៨០០ម៉ែត្រ។ ប្រសិនបើតំបន់នេះជាទឹកដី របស់វៀតណាម នោះយើងទាំងអស់គ្នាមិនអាចមកឈរនៅទីនេះបាននោះទេ។
ជាងនេះទៀតឯកឧត្ដមអភិបាលខេត្តបានបន្ថែមថា៖ «នៅរដូវប្រាំងឯកឧត្ដមមានគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមយុវជនមកមើលឱ្យបានច្បាស់ពីពីស្ថានភាព និងទិដ្ឋភាពបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ហើយរួមគ្នាបញ្ចេញមតិដើម្បីថែរក្សា ការពារទឹកដីរបស់យើង យើងអត់ចង់ពន្លើសទៅគេ ប៉ុន្តែ យើងមិនត្រូវអនុញ្ញាតឱ្យគេបង្ខួចយើងដែរ»។
ឯកឧត្ដមគួច ចំរើន បានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនអនុញ្ញាតឱ្យអ្នកសម្តែងមតិដោយបំពាន ឬក៏មិនផ្តល់យុត្តិធម៌ ដល់អ្នកដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។ «ខ្ញុំនៅតែបញ្ជាក់ម្តងហើយ ម្តងទៀត ខ្ញុំពិតជាមានការគោរពកងកម្លាំងយើងទាំងនគរបាល ទាំងកងទ័ព ដែលឈរជើងការពារព្រំដែន ដោយពួកគាត់ខិតខំដើរល្បាត រហូតសឹងផ្លូវមិនមែនជារឿងធម្មតានោះទេ»៕

អត្ថបទដែលជាប់ទាក់ទង