ប្រធានាធិបតីវៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិកនិងគុយបា នាសប្តាហ៍ក្រោយ
ហាណូយ៖កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសថា លោក To Lam ដែលជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត នឹងបំពេញទស្សនកិច្ចការងារ ទៅកាន់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ហើយចូលរួម សម័យប្រជុំទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។
បន្ទាប់ពីនោះ លោក Lam នឹងបន្តបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសគុយបា ដែលដៃគូកុម្មុយនិស្តយូរអង្វែងមកហើយរបស់វៀតណាម។ បើតាមអ្នកនាំពាក្យ នៃក្រសួងការបរទេសវៀតណាម ដំណើរបំពេញទស្សនកិច្ចរបស់លោក Lam នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ អំពីរយៈពេលជាក់លាក់ សម្រាប់ការធ្វើទស្សនកិច្ច នៅប្រទេសនីមួយៗឡើយ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ ក្នុងសប្តាហ៍នេះរបស់ Reuters អំឡុងទស្សនកិច្ចនៅអាមេរិក លោក Lam នឹងត្រូវ ថ្លែងសារនៅមហាសន្និបាត UN ហើយជួបតំណាងមកពី ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយចំនួន ដូចជា Google និង Metaជាដើម។ វាមិនច្បាស់នោះទេថា តើលោក Lam អាចនឹងជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំឡុងទស្សនកិច្ចនោះ ដែរឬអត់៕