ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយប្រមាណ ៩០ម៉ឺន ទៅ ១លាននាក់

81

ភ្នំពេញ៖ វេបសាយអគ្គស្នងការនគរបាលជាតិ បានផ្សាយថា ដោយមានការខិតខំយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ ធ្វើឲ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ ៩០ម៉ឺន ទៅ ១លាននាក់។ កត់សម្គាល់៖

.សភាពការណ៍បទល្មើសរួមមាន៖ លួច ១លើក បាត់ម៉ូតូ ១គ្រឿង

.សភាពការណ៍គ្រោះថ្នាក់ផ្សេងៗរួមមាន៖ លិចទូក ១លើក, អន្តរាគមន៍ជួយទូកអុំលិច ១គ្រឿង, សង្គ្រោះកីឡាករអុំទូកលិចចំនួន ២៤នាក់ ដោយសុវត្ថិភាព

.លទ្ធផលអន្តរាគមន៍ និងសង្រ្គោះ៖ ជួយសង្គ្រោះក្មេងវង្វេងគ្រួសារចំនួន ១៤លើក ស្មើ ១៤នាក់ ប្រគល់ជូនក្រុមគ្រួសារ, ឃាត់ជនស៊ីវិលពាក់អាវមានអក្សរ Police និង ARMY ចំនួន ១៣នាក់ ធ្វើការអប់រំ ដកហូតអាវ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ, ចែកបណ្ណស្តីពីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យ បានចែកជូនប្រជាពលរដ្ឋ អាជីករ ចំនួន ៤១៧សន្លឹក ។

សូមបញ្ជាក់ថានៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងចម្រុះ ទាំងចំហរ និងសម្ងាត់ ជាងមួយម៉ឺនបីពាន់នាក់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ខណៈទូកអុំមានការកើនឡើងរហូតដល់២៩៥ទូក និងកីឡាករជិតពីរម៉ឺននាក់។ ដោយឡែកថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក មានទូកចូលរួមប្រកួតចំនួន២៩៥ទូក (ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក)។

យ៉ាងណាក៏ដោយកម្លាំងទាំងអស់បានត្រៀមគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាកើតឡើងជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង