ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលខេត្តកណ្ដាលដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកនៅស្រុកកណ្ដាលស្ទឹង និងណែនាំឲ្យប្រុងជើងការជួយបន្ទាន់ បើមានជំនន់ទឹកភ្លៀងប៉ះពាល់ប្រជាពលរដ្ឋ

38

កណ្ដាល៖ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីចុះស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងបន្តពិនិត្យទ្វារទឹកមួយចំនួននៅស្រុកកណ្ដាលស្ទឹង និងបានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ឲ្យប្រុងជើងការជួយបន្ទាន់ បើសិនមានករណីចាំបាច់ណាមួយកើតឡើង។
ឯកឧត្ដម គួច ចំរើន បានបន្ថែមថា ស្រុកកណ្ដាលស្ទឹង គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទទួលរងនូវទឹកជំនន់ជារៀងរាល់ឆ្នាំ ពិសេសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលទទួលរង ពីតាមបណ្ដាស្ទឹងព្រែកត្នោត ដោយបានជន់លិចផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ទើរតែរាល់ឆ្នាំ។
ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកាយស្ដារនៅប្រឡាយ ស្ទឹង និងព្រែកមួយចំនួនដែលមានសភាពគោករាក់ ដើម្បីធ្វើការបើកមុខទឹក និងសម្រួលចរន្តទឹកហូរបានលឿន ដើម្បីបញ្ជៀសនូវការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងក្រុង-ស្រុកមួយចំនួនទៀត។
ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវពិនិត្យរាល់ការ ធ្វើឱ្យស្ទះនូវលំហូរទឹកនៅតាម ប្រឡាយ ស្ទឹង ត្រូវធ្វើការកាយស្ដារដើម្បីសម្រួលចរន្តទឹកឱ្យបានលឿន ពិសេសលើកនូវសោភ័ណភាពតាមប្រឡាយ និងស្ទឹងផងដែរ។
ជាមួយគ្នានោះលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ស្ថានភាពនៅទំនប់ទ្វារទឹក ៧មករា ទឹកមានសភាពធម្មតា មិនមានការគំរាមកំហែងឬប្រកាសអាសន្ននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង