ក្រុមជនប្រដាប់អាវុធបាញ់បោះសេរី គំរាមកំហែងរំលោភដីធ្លីរបស់ពលរដ្ឋ តំបន់កោះក្របី ស្រុកព្រៃនប់ ចំនួន៧នាក់ ត្រូវចាប់ខ្លួន ជាមួយអាវុធ២ដើម
ព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនពួកអានាធិបតេយ្យបានចំនួន៧នាក់ និងបានដកហូតអាវុធចំនួន២ដើម ព្រមទាំងសំភារៈបទល្មើសមួយចំនួនទៀត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបានទៅបាញ់បោះសេរី គំរាមកំហែង រំលោភដីធ្លីរបស់ប្រជាពលរដ្ឋ នៅតំបន់កោះក្របី ស្រុកព្រៃនប់។
ពាក់ព័ន្ធករណីនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យបញ្ជូនជនទំនើបបាញ់បោះសេរី ទៅកាន់តុលាការ ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញបទបញ្ជា ដល់កងរាជអាវុធហត្ថខេត្ត និងអភិបាលស្រុកព្រៃនប់ ឲ្យចុះបង្ក្រាបក្រុមអនាធិបតេយ្យប្រដាប់អាវុធមួយក្រុម ដែលបាននិងកំពុងរំលោភកាន់កាប់ដីធ្លី និងកាប់បំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋនៅចំណុចតំបន់កោះក្របី ភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេខ្លោងបញ្ជាពីក្រោយខ្នង ។
ករណីនេះកម្លាំងអាវុធហត្ថ កំពុងបន្តនីតិវិធី តាមស្វែងរកបក្ខពួកមេខ្លោង ដែលនៅពីក្រោយខ្នង មកទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រុមប្រដាប់អាវុធទាំងនេះ បានចូលមករំលោភយកដីធ្លី និងកាប់បំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ ព្រមទាំងបាញ់បោះគំរាមកំហែង ប្រសិនបើប្រជាពលរដ្ឋណាហ៊ានចេញមុខតវ៉ា៕