នៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៤សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខណៈ NOCC រំពឹងមានអ្នកចូលរួមលើស ១ម៉ឺននាក់
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមរត់ នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីសម្ដេចបានប្រកាសអំពីការចូលរួមរត់នេះ កាលពីថ្មីៗកន្លងទៅ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ដើម្បីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំខាងលើ នៅថ្ងៃទី២៨ ខែកញ្ញា ឯកឧត្ដមវ៉ាត់ ចំរើន បានបញ្ជាក់ថា ឆ្នាំនេះពិតជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី នឹងចូលរួមរត់ដោយផ្ទាល់ លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ដ្បិតកន្លងមក មុនសម្ដេចក្លាយជានាយករដ្ឋមន្ដ្រី សម្ដេចបវរធិបតីក៏ធ្លាប់រត់ចម្ងាយ ១០គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញផងដែរ។
ឯកឧត្ដមបន្ដថា «នេះគឺជាមហាកិត្តិយសមួយ នៃព្រឹត្តិការណ៍របស់យើង នាថ្ងៃទី០១ ខែធ្នូខាងមុខ ក្នុងគម្រប់ខួបលើកទី២៩ ហើយឆ្នាំក្រោយ ត្រូវនឹងខួបលើកទី៣០ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត យើងនឹងរៀបចំឲ្យកាន់តែធំ ហើយសង្ឃឹមថា សម្ដេចបវរធិបតី នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមរត់ទៀត»។
អគ្គលេខាធិការ NOCC ដដែលបន្ថែមទៀតថា រយៈពេល ២៩ឆ្នាំមកហើយ ដែលព្រឹត្តិការណ៍នេះ បានវិវឌ្ឍន៍ និងទទួលបានជោគជ័យជាខ្លាំង ដ្បិតបង្កើតដំបូង នៅឆ្នាំ១៩៩៦ មានអ្នកចូលរួមមិនដល់ ៥០០នាក់ផង តែបច្ចុប្បន្នកើនដល់ជាង ១ម៉ឺននាក់ ជាក់ស្ដែងមុនកូវីដ-១៩ (មុនឆ្នាំ២០១៩) គឺធ្លាប់មានអ្នកចូលរួមរហូតដល់ ១៥,០០០នាក់ ហើយឆ្នាំនេះ គណៈកម្មការរៀបចំក៏សង្ឃឹមថា នឹងមានសន្ទុះអ្នកចូលរួមកើនដល់ជាង ១ម៉ឺននាក់ផងដែរ។
ឯកឧត្ដមថា «មកទល់ពេលនេះ ព្រឹត្តិការណ៍របស់យើង បានទទួលការចុះឈ្មោះប្រមាណ ៨ពាន់នាក់ហើយ ក្នុងនោះមានជនជាតិខ្មែរជិត ៦ពាន់នាក់ និងបរទេសជាង ២,៣០០នាក់ ដែលភាគច្រើនមកពីអឺរ៉ុប។ ប៉ុន្ដែនៅសល់រយៈពេលប៉ុន្មានខែទៀតនេះ យើងសង្ឃឹមថា សន្ទុះនៃការចុះឈ្មោះអាចនឹងកើនឡើងច្រើន រហូតដល់លើស ១ម៉ឺននាក់។ អ៊ីចឹងនៅសល់ប្រហែល ២ពាន់នាក់ទៀត នឹងដល់គោលដៅ ហើយក៏ជាចំនួនសម្ដេចបវរធិបតីចង់បានដែរ»។
ដោយឡែកពាក់ព័ន្ធនឹងគោលបំណងនៃការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង គឺរក្សានៅដែល ទី១-ដើម្បីកៀគរថវិកាជួយដល់ជនពិការដោយសារគ្រាប់ម៉ីន ដែលបានអនុវត្តតាំងពីឆ្នាំ១៩៩៦ និងជួយដល់អង្គការសប្បុរសធម៌នានា ព្រមទាំងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជំនាញ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍។ លើសពីនេះ ក៏ជាការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបង្កភាពសប្បាយរីករាយក្រោមម្លប់នៃសន្ដិភាពផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។
ទន្ទឹមជាមួយគ្នា លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្តាលម៉ារ៉ាអង្គរ គឺជាព្រឹត្តិការណ៍រត់ ដែលទទួលបានជោគជ័យបំផុត ជាក់ស្ដែងក្រោយវិបត្តិកូវីដ-១៩ ព្រឹត្តិការណ៍នេះ បានទាក់ទាញកំណើនអ្នកចូលរួមរត់យ៉ាងឆាប់រហ័យ។ បែបនេះក្ដី ក្នុងនាមគណៈកម្មការជំនាញ លោកបានប្ដេជ្ញានឹងបន្ដកិច្ចខំប្រឹងប្រែងរៀបចំឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់គុណតម្លៃព្រឹត្តិការណ៍រត់ប្រណាំងលើទឹកដីអច្ឆរិយៈអង្គរឲ្យកាន់តែល្បីល្បាញ់លើឆាកអន្ដរជាតិ តាមរយៈការធានាបាននូវសុវត្ថិភាព និងផាកសុខភាពដល់អ្នករត់ទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្នុងឱកាសនៃសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងលើ NOCC ក៏បាននាំយកថវិកាទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្តាលម៉ារ៉ាអង្គរ លើកទី២៨ ឆ្នាំ២០២៣ ប្រគល់ជូនដល់មន្ទីរពេទ្យ និងអង្គការសប្បុរសធម៌ផងដែរ ក្នុងនោះមន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន ,៥០០០ដុល្លារ, អង្គការ Cambodia Trust ទទួលបាន ២,៥០០ដុល្លារ, អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន ២,០០០ដុល្លារ និងអង្គការបេះដូងមាសទទួលបាន ១០,៥០០ដុល្លារសម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត៕