ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដម ហេង សួរ នាព្រឹកព្រមលឹមថ្ងៃអាទិត្យអញ្ជើញជូនដំណើរ កម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងទៅស្រុកកំណើត ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃ ក្នុងមួយឆ្នាំៗបានកើនឡើងប្រមាណ១០ទៅ១៥ភាគរយ។ការកើនឡើងឡើងនូវចំនួនអ្នកជិះជាបន្តបន្ទាប់នេះ គឺដោយសារពួកគាត់មានជំនឿទុកចិត្តលើការដឹកជញ្ជូនរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
នេះការលើកឡើងរបស់ឯកឧត្ដមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្ដម,ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏មានការចូលរួមពីអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរួមដំណើរអញ្ជើញទៅជូនដំណើរ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកព្រមលឹមថ្ងៃអាទិត្យទី២៩កញ្ញាឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករ កម្មការិនីនិងនិយោជិត តែងមកទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើអោយចំនួនអ្នកជិះកើនឡើងប្រមាណ១០ទៅ១៥ភាគរយជារៀងរាល់ឆ្នាំ។ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា ការកើនឡើងឡើងនូវចំនួនអ្នកជិះជាបន្តបន្ទាប់នេះ គឺដោយសារមានការផ្សព្វផ្សាយ ជាមួយនិងការនិយាយតៗគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋថា អ្នកបើកបររថយន្តក្រុងរបស់យើងមានសុជីវធម៏ល្អ រថយន្តមានផាសុខភាពនិងការដឹកជញ្ជូនបានទាន់ពេលវេលា ដែលធ្វើអោយពួកគាត់ជឿទុកចិត្ត ទើបនិយាយតៗគ្នារហូតមានអ្នកជិះកើនឡើងជានិច្ច។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ចំនួនរថយន្តក្រុងពីមួយឆ្នាំទៅមួយឆ្នាំ តែងកើនឡើងជាបន្តបន្ទាប់ធ្វើឡើង ទៅតាមចំនួនប្រជាពលរដ្ឋដែលមកទទួលសេវានេះ ដែលបានកាត់បន្ថយពីការចំណាយប្រជាពលរដ្ឋជាច្រើន។នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា៖ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញនិងប្រើប្រាស់រយៈពេល ០៦ថ្ងៃ ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេស ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញានេះ ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ “ជិះមិនបង់ប្រាក់” ជាមួយនឹងការប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង។ ក្នុងនោះទី១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។ទី២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង។
៣-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត និងទៅលេងកម្សាន្តនៅតំបន់ ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕