ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធារណៈទៅស្រុកកំណើត

43

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ ចេញទៅស្រុកកំណើត ក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន សម្រេច បញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។

ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់។

ប្រជាពលរដ្ឋបានបង្ហាញក្តីរំភើបរីករាយ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់សម្តេចមហាបវរធិបតី។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង