ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឱកាសខួបកំណើតគម្រប់ ៥៨ ឈានចូល ៥៩ឆ្នាំ
ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱកាសខួបកំណើតគម្រប់ ៥៨ ឈានចូល ៥៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការងាររៀបចំកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងការងារជំរុញផលិតភាពរបស់កម្ពុជា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែ ប្រសើរឡើង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ជាងនេះទៅទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានរួមចំណែកស្តារ អភិវឌ្ឍន៍ កែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ លើកកម្ពស់នីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដើម្បីធ្វើឱ្យ ប្រទេសជាតិមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ក្រោមមាគ៌ាដឹកនាំដ៏ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕