ក្រុមហេសបូឡា និងអ៊ីស្រាអែលប៉ះទង្គិចគ្នានៅលើដីជាដំបូង
បេរូត៖ក្រុមហេសបូឡា បានរាយការណ៍ពីការប៉ះទង្គិចគ្នាតាមជាមួយកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ។ នេះជាការប៉ះទង្គិចគ្នានៅលើដីជាលើកដំបូង ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសលីបង់ ក្នុងគោលបំណងវាយកម្ទេចក្រុមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា កងទ័ពថ្មើរជើង និងរថពាសដែកកំពុងចូលរួមក្នុងប្រតិបត្តិការនេះ។ មេបញ្ជាការកងទ័ពអ៊ីស្រាអែលម្នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។ ការប្រយុទ្ធគ្នាបានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាង ១៨០ គ្រាប់ មកលើអ៊ីស្រាអែល ជាការសងសឹកចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលនៅលីបង់ ដែលបាននាំទៅរកការសម្លាប់មេដឹកនាំកំពូលរបស់ក្រុមហេសបូឡា។
ក្រុមហេសបូឡា បានអះអាងថា ខ្លួនបានប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែលនៅក្នុងទីក្រុងព្រំដែន Maroun el-Ras និងបានរុញច្រានកងកម្លាំងអ៊ីស្រាអែល នៅជិតទីក្រុងព្រំដែនមួយផ្សេងទៀត។ ក្រុមនេះក៏បានអះអាងថា បានបាញ់រ៉ុក្កែត ទៅកាន់ប៉ុស្តិ៍យោធាអ៊ីស្រាអែលផងដែរ។
អ្នកនាំពាក្យក្រុមហេសបូឡា បាននិយាយថា ការប្រយុទ្ធនេះគ្រាន់តែជា «ជុំទីមួយ» ប៉ុណ្ណោះ ហើយក្រុមនេះមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។
ដោយឡែក យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនផ្តោតសំខាន់លើការបំផ្លាញផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា នៅតាមព្រំដែន។ អ៊ីស្រាអែលបានចេញបញ្ជាឱ្យប្រជាជននៅតាមទីក្រុងព្រំដែនមួយចំនួន ជម្លៀសចេញពីតំបន់នោះ៕