រដ្ឋាភិបាលថៃ ផ្តល់សំណង «១លានបាត» ដល់គ្រួសារនៃជនរងគ្រោះម្នាក់ៗ ដែលបានស្លាប់នៅក្នុងគ្រោះអគ្គិភ័យរថយន្ត
បាងកក៖រដ្ឋាភិបាលថៃ នឹងផ្តល់សំណងចំនួន ១លានបាត (ប្រហែល ២៩,០០០ ដុល្លារអាមេរិក) ដល់គ្រួសារនៃជនរងគ្រោះម្នាក់ៗ ដែលបានស្លាប់នៅក្នុងគ្រោះអគ្គិភ័យរថយន្តក្រុងដឹកសិស្សសាលាកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Nation នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
ឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងនៅលើផ្លូវ Vibhavadi Rangsit ក្នុងខេត្ត Pathum Thani ភាគកណ្តាលប្រទេសថៃ ដោយបានឆក់យកជីវិតសិស្សបឋមសិក្សា ២០ នាក់ និងគ្រូបង្រៀន ៣នាក់។
មូលនិធិសង្គ្រោះគ្រោះមហន្តរាយក្រោមការិយាល័យនាយករដ្ឋមន្រ្តី បានសម្រេចចិត្តផ្តល់សំណងនេះ បន្ទាប់ពីកិច្ចប្រជុំមួយ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Suriya Juangroongruangkit នៅថ្ងៃពុធនេះ។ ក្រៅពីសំណងសម្រាប់ការស្លាប់ មូលនិធិនេះក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ជនរងគ្រោះដែលរងរបួសផងដែរ។ សម្រាប់ជនរងគ្រោះដែលពិការម្នាក់ៗ នឹងទទួលបាន ៧០០,០០០ បាត។ អ្នកដែលរងរបួសធ្ងន់ធ្ងរនឹងទទួលបាន ២០០,០០០ បាត ចំណែកអ្នករងរបួសស្រាលនឹងទទួលបាន ១០០,០០០ បាត។
នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានណែនាំដល់ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ឱ្យពន្លឿនការផ្តល់ជំនួយ និងសំណងដល់គ្រួសារជនរងគ្រោះ។ ក្រសួងយុត្តិធម៌ និងក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស ក៏នឹងផ្តល់សំណងបន្ថែមដល់ជនរងគ្រោះផងដែរ។
គួរបញ្ជាក់ថា រថយន្ដក្រុងខាងលើបានដឹកគ្រូបង្រៀន៦នាក់ និងសិស្ស៣៩នាក់ ដោយធ្វើដំណើរចាកចេញពីខេត្ត Uthai Thani ស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីបាងកក សម្រាប់ការ ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្ត Ayutthaya និងខេត្ត Nonthaburi កាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែ រថយន្ដក្រុងនេះស្រាប់តែឆាបឆេះនៅលើផ្លូវ highway ស្ថិតនៅភាគខាងជើង រដ្ឋធានីបាងកក ហើយបានឆេះរាលដាលភ្លាមៗដោយធ្វើឱ្យអ្នកដំណើរជាច្រើននាក់មិនអាចរត់ចុះពីឡានបានទាន់ពេល។ បើតាមប៉ូលិសថៃ សាកសពមនុស្ស ២៣នាក់ត្រូវបាន យកចេញពីរថយន្ដក្រុង ហើយការបញ្ជាក់អត្តសញ្ញាណកំពុងដំណើរការ៕