ចិន ជំរុញឱ្យក្រុមប្រឹក្សា UN ចេញមុខ ជួយបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា
ប៉េកាំង៖ប្រទេសចិន បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលការវាយប្រហាររវាងអ៉ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ កាន់តែខ្លាំងក្លាឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ ២០២៤។
អ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំ UN លោក Fu Cong បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវតែដាក់កំហិតលើការទាមទារ ឱ្យបញ្ឈប់អំពើហិង្សាកាន់តែខ្លាំង ក្នុងការប្រយុទ្ធគ្នានៅលីបង់។ លោក Fu គូសបញ្ជាក់ថា «ក្រុមប្រឹក្សាសន្តិសុខមានទំនួលខុសត្រូវចម្បង ក្នុងការថែរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវតែត្រលប់មករកដំណោះស្រាយនយោបាយ និងការទូតវិញ»។
តាមលោក Fu ជម្លោះរាលដាលនៅមជ្ឈិមបូព៌ា បានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌មិនធ្លាប់មានរួចទៅហើយសម្រាប់តំបន់ហ្កាហ្សា ហើយឥលូវនេះក៏មានមនុស្សជាង ១.២លាននាក់ទៀត បាននិងកំពុងជ្រួលច្របល់ផ្លាស់ទីលំនៅ នៅក្នុងប្រទេសលីបង់។
គួរបញ្ជាក់ថា បន្ទាប់ពីអ៉ីរ៉ង់ បាញ់ស្រោចមីស៉ីលជាង ១៨០គ្រាប់ អ៉ីស្រាអែល បានបើកការវាយប្រហារតាមអាកាសចូលទៅដល់កណ្តាលទីក្រុងបេរូត កាលព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អ៉ីស្រាអែល ក៏បានបញ្ជូនកងទ័ពថ្មើរជើង និងកងរថពាសដែក ចូលទៅក្នុងប្រទេសលីបង់ផងដែរ ដើម្បីប្រយុទ្ធជាមួយក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់៕