ឯកឧត្ដមអភិបាលរាជធានីភ្នំពេញចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង” , ទស្សនាការរៀបចំផ្លូវរថភ្លើង Tramway
ក្រុងប៉ារីស៖គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF អញ្ជេីញចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង” ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពកុងកដ (théâtre de la Concorde)។
បើយោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនាព្រឹកថ្ងៃទី៤តុលា២០២៤នេះថា៖ក្នុងសន្និសីទអន្តរជាតិស្តីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំងAIMF កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នោះដែរ គណះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជេីញចូលរួមធ្វេីបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងនានា ដែលជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF លេីប្រធានបទ”តេីធ្វេីដូចម្ដេចដេីម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថានៅថ្ងៃដដែលនោះតបតាមការអញ្ជើញរបស់លោកជំទាវ អាន អ៊ីដាល់ហ្គោ Ann HIDALGO កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងសហការីបានអញ្ជើញទស្សនាការរៀបចំផ្លូវរថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែលសាលាក្រុងប៉ារីសបានធ្វើឡេីងសម្រាប់ទទួលគណះប្រតិភូកីឡាអូឡាំពិកនាពេលថ្មីៗនេះ។ ក្នុងពេលនោះដែរឯកឧត្ដមអភិបាលរាជធានីនិងសហការីបានឡេីងជិះរថភ្លើង Tramway នេះសាកល្បងពីស្ថានីយ Porte de Clichy ទៅដល់ស្ថានីយចុងបញ្ចប់Porte Dauphine អមដោយការពន្យល់អំពីលក្ខណះបច្ចេកទេស និងតម្រូវការនៃគម្រោងផ្លូវរថភ្លើងនេះពីអ្នកជំនាញការបារាំងផងដែរ៕