ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនជម្លៀសជនជាតិខ្លួនជាង២០០នាក់ ចេញពីប្រទេសលីបង់ ដែលក្លាយជាមុខព្រួញថ្មី នៃការវាយប្រហាររបស់អ៉ីស្រាអែល

39

ក្រុងប៉េកាំង៖កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ចិនបានឱ្យដឹងថា ជនជាតិខ្លួនចំនួន២១៥នាក់ ត្រូវបានជម្លៀសចេញពីប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកយ៉ាងក្តៅគគុក ចាប់តាំងតែពីប៉ុន្មានសប្តាហ៍មុន ហើយជាលទ្ធផលបាន បណ្តាលឱ្យមនុស្សលើស ១,១០០នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីដើមសប្តាហ៍នេះ អ៉ីស្រាអែលបានបញ្ជូនកងទ័ព ឱ្យចូលវាយលុកតំបន់ភាគខាងត្បូងលីបង់ ដែលជាសំបុករបស់ចលនាប្រដាប់អាវុធហេសបូឡា ក្រោយបានបើក ការវាយប្រហារតាមផ្លូវអាកាសជាប់រហូត អស់រយៈពេលជាច្រើនថ្ងៃ នៅតាម តំបន់ពាសពេញប្រទេសលីបង់ ហើយអំឡុងការទម្លាក់គ្រាប់បែកទាំងនោះ មេដឹកនាំហេសបូឡា ក៏ត្រូវបានសម្លាប់ផងដែរ។
មួយរយៈចុងក្រោយនេះ អ៉ីស្រាអែលបានបង្វែរការផ្តោតសំខាន់ ទៅលើការធានាសន្តិសុខឡើងវិញ នៅព្រំប្រទល់ភាគខាងជើង ជាប់ជាមួយលីបង់ ជាទីដែលការបាញ់ផ្លោងដាក់គ្នា បានកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងតែពីក្រុមហេសបូឡា បានធ្វើសកម្មភាពវាយប្រហារ ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានផ្ទុះសង្រ្គាម ជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក។
កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងប៉េកាំង បានចេញមុខទទូចឱ្យក្រុមប្រទេសមហាអំណាចពិភពលោក រួមគ្នាជួយទប់ស្កាត់យ៉ាងណា កុំឱ្យស្ថានភាពជម្លោះកាន់តែដុនដាបខ្លាំងធ្ងន់ធ្ងរ ជាងនេះទៀត បន្ទាប់ពីអ៉ីរ៉ង់ ដែលជាខ្នងបង្អែករបស់ក្រុមហេសបូឡា និងហាម៉ាស បានបាញ់ស្រោចមីស៉ីលរាប់រយគ្រាប់លើអ៉ីស្រាអែល ហើយអ៉ីស្រាអែលបានព្រមានសងសឹកឱ្យខ្លាំងវិញ ដាក់ទីក្រុងតេហេរ៉ង់។
គួរបញ្ជាក់ថា ក្រៅពីចិន ប្រទេសមួយចំនួនផ្សេងទៀត មានទាំងកូរ៉េខាងត្បូង បារាំង រុស្ស៉ី អេស៉្បាញ អាល្លឺម៉ង និងចក្រភពអង់គ្លេស ជាដើម ក៏បានចាប់ផ្តើមប្រតិបត្តិការជម្លៀសជនជាតិពួកគេ ចេញពីប្រទេសលីបង់ផងដែរ ក្រោយអ៉ីស្រាអែលធ្វើប្រតិបត្តិការយោធា តាមផ្លូវគោកចូលលីបង់៕

អត្ថបទដែលជាប់ទាក់ទង