ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកងកម្លាំងQudsរបស់អ៉ីរ៉ង់ ដាច់ការទាក់ទងក្រោយអ៉ីស្រាអែលទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូត

50

(Reuters)៖ មេបញ្ជាការកងកម្លាំង Quds លោក Esmail Qaani ដែលបានធ្វើដំណើរទៅកាន់ប្រទេសលីបង់ ក្រោយការសម្លាប់មេដឹកនាំហេសបូឡា លោក Sayyed Hassan Nasrallah នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល បានដាច់ការទាក់ទង ចាប់តាំងពីមានការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីបេរូត កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីសន្តិសុខអ៉ីរ៉ង់ជាន់ខ្ពស់២រូប។ តាមមន្ត្រីម្នាក់ក្នុងចំណោម ២នាក់នេះ បាន ឱ្យដឹងថាលោក Qaani បានស្ថិតនៅជាយភាគខាងត្បូងរដ្ឋធានីបេរូត ឬគេស្គាល់ថាសង្កាត់ Dahiyeh អំឡុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល ដែលត្រូវបានរាយការណ៍ថា មានគោលដៅលើលោក Hashem Safieddine ដែលត្រូវបានគេជឿថាជាអនាគតមេដឹកនាំហេសបូឡាថ្មី ជំនួសលោក Nasrallah។ មន្ត្រីរូបនេះដដែលបញ្ជាក់ថាលោក Qaani មិនបានជួប លោក Safieddine នោះទេ ប៉ុន្តែថាអ៉ីរ៉ង់ និងហេសបូឡាមិនទាន់អាចទាក់ទងជាមួយលោក Qaani បាននៅឡើយទេ។
គួរបញ្ជាក់ថា លោក Esmail Qaani ត្រូវបានតែងតាំងជាប្រមុខកងកម្លាំង Quds ដែលទទួលបន្ទុកស៊ើបការណ៍សម្ងាត់យោធានៅក្រៅស្រុករបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅបន្ទាប់ពី ប្រមុខមុនរបស់កងកម្លាំងមួយនេះគឺលោក Qassem Soleimani ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង