ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកនេះប្រឡងបាក់ឌុបចាប់ផ្តើមជាមួយបេក្ខជនជាង ១៣ម៉ឺននាក់, មន្ត្រីជិត៣ម៉ឺននាក់ ពង្រាយគ្រប់គ្រងការប្រឡង «អ្នកចេះជាប់»

48

ភ្នំពេញ៖ដូចការគ្រោងទុក ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅនិងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងតំណាងឯកឧត្ដមរាស្ត្រមណ្ឌភ្នំពេញ ឯកឧត្ដមអភិបាលស្ដីទីរាជធានីភ្នំពេញនិងឯកឧត្ដមអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ការប្រឡងនៅថ្ងៃទី០៨ ខែសីហានេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។
នៅថ្ងៃទី០៩ ខែតុលា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមាន មុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។
វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។
គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩ ៧៦០ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៣ ៩៣៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៥ ៨២៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៨ ៧២៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ៦១៨នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ១៨ ១០៦ នាក់។ ដំណើរការកំណែ មានចំនួន ១០ ៣១៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ២ ៥៩៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ៧ ៧២១ នាក់។
ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មានចំនួន ៧២២ នាក់ មកពីថ្នាក់ក្រសួងទាំងអស់។ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕

អត្ថបទដែលជាប់ទាក់ទង