ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្នុងឱកាសត្រូវបានតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្ត្រី

50

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្នុងឱកាសត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយឥតឧបមា ដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី”។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនង និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដោយសម្រេចបាននូវស្នាដៃ និង ជោគជ័យដ៏ធំធេងជាច្រើន ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិរហូតពេលបច្ចុប្បន្ន ជា ពិសេស ក្នុងបុព្វហេតុនៃការចូលរួមបំពេញបេសកកម្មដ៏វិសេសថ្លៃថ្លាការពារឯករាជ្យភាព បូរណភាពទឹកដី និង អធិបតេយ្យភាពកម្ពុជា លើឆាកអន្តរជាតិកន្លងមក ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក និងចូលរួមការពារ និរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ខ្ញុំ និងភរិយាសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សព្ទសាធុការពរជ័យគ្រប់ប្រការ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង