ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមគួច ចំរើន អភិបាលខេត្តកណ្ដាល ប្រកាសផ្តល់ម៉ូតូ១គ្រឿងម្នាក់ ដល់សិស្សប្រឡងជាប់និទ្ទេស A

48

កណ្តាល៖អ្នកចេះគឺជាប់ជាពាក្យដែលឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងទៅកាន់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តកណ្ដាល នាឱកាសដែលឯកឧត្ដមអញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងនោះឯកឧត្ដមអភិបាលខេត្តលើកទឹកចិត្តថា សិសាណាជាប់និទ្ទេស A នោះនឹងទទួលបានម៉ូតូមួយគ្រឿង សម្រាប់ធ្វើដំណើរបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត។
ឯកឧត្ដមអភិបាលខេត្តបានបន្តទៀតថា ក្នុងកំណែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា សិស្សានុសិស្សទាំងអស់ ត្រូវតែមានសមត្ថភាព ហើយអ្នកចេះគឺជាប់ ដូច្នេះសមត្ថភាពដែលក្មួយៗទាំងអស់ បានខិតខំយកចិត្តទុកដាក់រៀនក្នុងរយៈពេលកន្លងមក ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពនៅពេលនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងឈានទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្តទៀត។
ជាមួយគ្នានេះ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨មណ្ឌល ស្មើនឹង ៤៥១បន្ទប់ នៅតាមសាលាក្នុងក្រុង-ស្រុក ចំនួន៦ រួមមាន៖ ក្រុងតាខ្មៅ មាន៤មណ្ឌល, ស្រុកស្អាង មាន ៣មណ្ឌល, ស្រុកកណ្ដាលស្ទឹង មាន ៣មណ្ឌល, ស្រុកកៀនស្វាយ មាន ២មណ្ឌល, ស្រុកពញាឮ មាន ៣មណ្ឌល និងស្រុកខ្សាច់កណ្តាល មាន ៣មណ្ឌល មានបេក្ខជនចុះឈ្មោះប្រឡងឆ្នាំសិក្សា២០២៣-២០២៤ ក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១១ ១១៥នាក់។ បេក្ខជនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ៣ ១០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៦ ,៦២១នាក់។ បេក្ខជនស្វៃរិនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ១ ០៩៥នាក់។ បេក្ខជនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២៦២នាក់។ បេក្ខជនស្វៃរិនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២១នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,០៤០ នាក់ (ស្រី ៧៤,៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩,៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១,១៦៧នាក់)។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥,៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕

អត្ថបទដែលជាប់ទាក់ទង