ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាសោកស្ដាយ ចំពោះអ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ

43

ស្វីស៖តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ តំណាងអចិន្ត្រៃយ៍កម្ពុជា បានចាត់ទុកថា របាយការណ៍នេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៃការអភិវឌ្ឍរបស់កម្ពុជាឡើយ។
សេចក្តីថ្លែងការណ៍របស់ លោក អ៉ីន ដារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ក្នុងកិច្ចសន្ទនាអន្តរកម្មនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកទី៥៧ ជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទីក្រុងហ្សឺណែវ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាមានការបញ្ជាក់យ៉ាងច្បាស់របស់យើង និងកិច្ចសន្ទនាយ៉ាងពិតប្រាកដដោយស្មោះត្រង់ និងបើកចំហរបស់រដ្ឋាភិបាលក៏ដោយ យើងនៅតែមានការសោកស្ដាយដែលរបាយការណ៍របស់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៃការអភិវឌ្ឍរបស់កម្ពុជា»។
សេចក្តីថ្លែងការណ៍ បានបន្តថា កម្ពុជានៅតែបន្តប្ដេជ្ញាចំពោះការបោះជំហានតាមបែបលទ្ធិប្រជាធិបតេយ្យសេរី។ ការបោះឆ្នោតពហុបក្ស ត្រូវបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននៅកម្ពុជា។ តួយ៉ាងការបោះឆ្នោត ឃុំសង្កាត់ និងការបោះឆ្នោតសភាក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ រួមទាំងលំហសេរីភាព និងនយោបាយត្រូវបានពង្រីកយ៉ាងទូលំទូលាយ ខណៈពិរុទ្ធជនដែលបានចូលរួមក្នុងសកម្មភាពបង្កចលាចលដល់សង្គមជាតិរាប់រយនាក់ ដែលត្រូវបានដកសិទ្ធិធ្វើ ឬចូលរួមក្នុងសកម្មភាពនយោបាយ ត្រូវបានលើកលែងទោស។ ពួកគេបានបង្កើត និងចូលរួម ជាមួយគណបក្សនយោបាយផ្សេងៗគ្នា ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អត្រាអ្នកចូលរួមបោះឆ្នោតមានដល់ទៅ ៨៤.៥៩ភាគរយ ដើម្បីបោះឆ្នោតជ្រើសរើសគណបក្សដែលពួកគេពេញចិត្ត នៅក្នុងចំណោម១៩គណបក្ស ដែលបានចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្តបាន ខណៈមានអ្នកសង្កេតការណ៍រាប់ពាន់នាក់ចូលរួម ក្នុងនោះមាន ៣៣៣នាក់មកពីប្រទេសចំនួន៦៥។ ចំណែក ការបោះឆ្នោតព្រឹទ្ធសភាវិញ ក៏បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងប្រកបដោយបរិយាកាសសន្តិភាពផងដែរ។
បើតាម សេចក្តីថ្លែងការណ៍ដដែល, អវត្តមានរបស់គណបក្សចំនួន នៅក្នុងដំណើរការបោះឆ្នោត គឺដោយសារតែមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ហើយអវត្តមាននេះក៏មិនបានធ្វើឱ្យ ប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតនោះដែរ។
ក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា លំហនយោបាយ និងសង្គមស៊ីវិលត្រូវបានបើកចំហ និងមានសេរីភាពពេញលេញមិនអាចប្រកែកបាន ហើយជាសក្ខីភាព អង្គការសង្គមស៊ីវិលជាង ៦០០០ និងប្រព័ន្ធផ្សព្វផ្សាយជិត ២០០០ស្ថាប័ន បានធ្វើប្រតិបត្តិការរបស់ពួកគេដោយគ្មានការរឹតត្បិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តែទោះជាបែបនេះក្ដី ដូចគ្នាទៅនឹងបណ្ដាប្រទេសប្រជាធិបតេយ្យដទៃដែរ នៅកម្ពុជាការអនុវត្តសិទ្ធិប្រជាធិបតេយ្យ និងសេរីភាព គឺមិនអាចបំពាន ឬធ្វើផ្ទុយទៅច្បាប់បាននោះឡើយ។
កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្រោមរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ និងបន្តដើរតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស៕

អត្ថបទដែលជាប់ទាក់ទង