ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែនវាយប្រហារឃ្លាំងអាវុធរុស្ស៊ី ដែលមានគ្រាប់បែកផ្គត់ផ្គង់ដោយកូរ៉េខាងជើង

64

ក្រុងកៀវ៖អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារឃ្លាំងអាវុធរបស់រុស្ស៊ី នៅក្នុងតំបន់ Bryansk ដែលកំពុងរក្សាទុកគ្រាប់រំសេវ និងអាវុធផ្សេងៗ រួមទាំងគ្រាប់បែកដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
យោធាអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងពេញមួយយប់ ដោយប្រើប្រាស់យន្តហោះដ្រូនគ្មានមនុស្សបើក ដើម្បីបង្កការលំបាកផ្នែកភស្តុភារ ដល់កងកម្លាំងរុស្ស៊ី។ ឃ្លាំងអាវុធនេះ ត្រូវបានគេរាយការណ៍ថា មានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល និងកាំភ្លើងធំ រួមទាំងអាវុធដែលត្រូវបានបញ្ជូនពីកូរ៉េខាងជើង។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់គ្រាប់រំសេវ និងមីស៊ីលដល់រុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា អាជ្ញាធរក្នុងតំបន់ បានអនុវត្តស្ថានភាពអាសន្ន នៅក្នុងស្រុក Karachevsky ដោយសារតែការផ្ទុះនេះ។
រូបភាពដែលមិនទាន់បានបញ្ជាក់ បានបង្ហាញពីអណ្តាតភ្លើងដ៏ធំ និងសំឡេងផ្ទុះជាបន្តបន្ទាប់។ កងទ័ពរុស្ស៊ី បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ៤៧គ្រឿង ក្នុងមួយយប់។
គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារ ទៅលើវិស័យថាមពលរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីកាត់បន្ថយប្រាក់ចំណូល ដែលរុស្ស៊ីប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនៅអ៊ុយក្រែន។ អាជ្ញាធររុស្ស៊ី បាននិយាយថា ឃ្លាំងស្តុកប្រេងមួយ នៅលើឧបទ្វីបគ្រីមៀ ដែលត្រូវបានអ៊ុយក្រែនវាយប្រហារ នៅតែឆេះអស់រយៈពេល ៣ថ្ងៃមកហើយ ខណៈប្រជាជនរាប់រយនាក់ ត្រូវបានជម្លៀសចេញ។ អ៊ុយក្រែន ក៏បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន និងមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រឿង នៅក្នុងតំបន់ Poltava ដែលបានបំផ្លាញរោងចក្រឧស្សាហកម្មមួយនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង