ទូកឈ្មោះ កោះកែសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្ដព្រះវិហារ ជាប់ចំណាត់ថ្នាក់លេខ១ ល្បឿនលឿនជាងគេ
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រណាំងទូកង៣ថ្ងៃនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានប្រកាសថា ទូកឈ្មោះ កោះកែសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្ដព្រះវិហារ ឧបត្ថម្ភដោយ លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀន អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជាប់ចំណាត់ថ្នាក់លេខ១។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកីឡាករទូក នាយប់ថ្ងៃទី២៣វិច្ឆិកានេះ លោកនាយឧត្តមសេនីយ៍បានថ្លែងថា “ទូកង កោះកែសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្តព្រះវិហារ ជាប់ចំណាត់ថ្នាក់លេខ១ ល្បឿនលឿនជាងគេ ទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ ដែលមានលោកពូរបស់ខ្ញុំ ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។
ទូកឈ្មោះ កោះកែសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្តព្រះវិហារ មានចំណុះ៧៧នាក់ ដែលប្រើថេរវេលាសរុប ២៧នាទី:២៣វិនាទី”។
លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា កម្លាំងសាមគ្គីពិតជាឈ្នះ សូមអរគុណដល់ក្រុមការងារ និងក្រុមកីឡាករទូកង ខេត្តព្រះវិហារ ។ សូមអរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោកនាយឧត្តមសេនីយ៍គត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដែលបានឧបត្ថម្ភ គាំទ្រយ៉ាងពេញទំហឹង នាំមកនូវជ័យជំនះ ដ៏ត្រចះត្រចង់ដល់ទូកង កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ ខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានឲ្យដឹងទៀតថា ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ សារាយតេជោសែនជ័យ មកពីខេត្តកណ្ដាល មានចំណុះ៧៧នាក់ ឧបត្ថម្ភដោយ សម្ដេចតេជោ ហ៊ុន សែន និងលោក គុណ ញឹម និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ សម្ដេចវិបុលបញ្ញាបារមីមានជ័យ មកពីខេត្តតាកែវ មានចំណុះ៧៥នាក់ ឧបត្ថម្ភដោយ លោក សុខ សូកាន។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោក អ៊ុន ចាន់ដា ដែលជាម្ចាស់ឧបត្ថម្ភដល់ទូកដែលទទួលបានជ័យជម្នះលេខ១ សម្រាប់ការប្រកួតនៅឆ្នាំ២០១៨នេះ បន្ទាប់ពីទទួលបានទានរង្វាន់ភ្លាមៗ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ បានជួបសំណេះសំណាលលើកទឹកចិត្ត កោតសរសើរ និងផ្ដល់រង្វាន់បន្ថែមទៀត ជូនដល់កីឡាទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានចំណាត់ថ្នាក់នេះ។
សូមជម្រាបថា ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី៣នេះ ត្រូវនឹងថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៨ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណជា២លាននាក់។
បើយោងរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ បានឲ្យដឹងថា ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៩០ម៉ឺននាក់ គិតពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា។ នៅថ្ងៃចុងក្រោយនេះ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក ទូកចែវចំនួន៣៣ទូក ស្រី១ទូក ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក និងចំណុះទូកចំនួនសរុប១៩.០១៧នាក់ ស្រី១៤១នាក់៕
សូមអានខ្លឹមសារលម្អិត នៃតារាងលទ្ធផលផ្លូវការនៅខាងក្រោមនេះ៖