សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំថា ករណីមានផលប៉ះពាល់ធំបង្កឱ្យខូចខាតស្រូវ-ដំណាំរបស់កសិករ ចាំបាច់ត្រូវជួយស្តារឡើងវិញ
ភ្នំពេញ៖ក្នុងសារលិខិតក្នុង ឱកាសទិវាគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសង្កត់ធ្ងន់ថា ករណីមានផលប៉ះពាល់ធំបង្កឱ្យខូចខាតស្រូវ-ដំណាំរបស់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ចាំបាច់ត្រូវជួយកសិករស្តារការងារកសិកម្មឡើងវិញ។
ដើម្បីជំរុញឱ្យស្មារតីនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យក្លាយជាការពិតជាក់ស្តែង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយព័ត៌មានព្យាករណ៍ ការប្រកាសឱ្យដឹងមុន និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។ សម្ដេចក៏បានអំពាវនាវឱ្យរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច វិនិយោគ ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថិរភាពជីវភាពរស់នៅជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាការការរួមចំណែកគាំទ្រឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ពន្ធសុវត្ថិភាព និងនៅក្នុងសកម្មភាពឆ្លើយតបគ្រោះមហន្តរាយនានា។
ជាមួយគ្នានោះ សម្ដេចបវរធិបតីបានក្រើនរំលឹកដល់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងរយៈពេលវែង ក៏ដូចជាក្នុងរដូវកាលចុងឆ្នាំ២០២៤នេះ៖
១. ពង្រឹងសមត្ថភាពស្ថាប័នក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំឱ្យមានដំណើរការជាប្រក្រតី និងជាអចិន្ត្រៃយ៍នៅក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិ ពង្រឹងនិងពង្រីកកងប្រតិបត្តិការរុករកនិងសង្គ្រោះ និងរៀបចំកញ្ចប់ថវិកាប្រើប្រាស់នៅក្នុងខ្ទង់ថវិកាក្នុងក្រសួង-ស្ថាប័ន ដើម្បីធានាឱ្យមានធនធានមនុស្សសម្រាប់បំពេញការងារ មានមធ្យោបាយ សម្ភារៈ ថវិកាសម្រាប់ដំណើរការការងារ និងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។
២. បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលាក្នុងករណីកើតមានគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
៣. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវតាមដានឱ្យជាប់ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសម្របសម្រួល និងត្រៀមកម្លាំងមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម។
៤. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវត្រៀមស្បៀងនិងសម្ភារៈបរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយនានាក្នុងករណីមានការស្នើសុំពីរាជធានី-ខេត្ត។
៥. ក្រសួងធនធានទឹកនិងឧតុនិយមត្រូវតាមដានជាប្រចាំអំពីអាកាសធាតុ ការព្យាករណ៍ស្ថានភាពភ្លៀងនិងកម្ពស់ទឹក និងត្រូវធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
៦. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធត្រូវត្រៀមស្រូវពូជ និងសម្ភារៈចាំបាច់នានាក្នុងករណីដែលមានផលប៉ះពាល់ធំបង្កឱ្យមានការខូចខាតស្រូវ-ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវជួយស្តារឡើងវិញ។
៧. អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់ ពង្រឹងសមត្ថភាពកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់គ្រោះមហន្តរាយដែលកើតឡើង៕