ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិននឹងបង្កើនការបោះផ្សាយបំណុលក្នុងបរិមាណច្រើន ដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញ

26


ប៉េកាំង៖ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបង្កើនការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលក្នុងបរិមាណច្រើន ដើម្បីឧបត្ថម្ភប្រជាជនមានប្រាក់ចំណូលទាប គាំទ្រទីផ្សារអចលនទ្រព្យ និងបំពេញដើមទុនរបស់ធនាគាររដ្ឋ ខណៈដែលប្រទេសនេះ កំពុងព្យាយាមជំរុញឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Lan Foan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលចិននឹងមាន «វិធានការទប់ទល់នឹងវដ្តធ្លាក់ចុះសេដ្ឋកិច្ច» បន្ថែមទៀតនៅឆ្នាំនេះ។ ទោះយ៉ាងណា លោករដ្ឋមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំវិធានការជំរុញសារពើពន្ធដែលកំពុងត្រូវបានរៀបចំឡើងនេះទេ។
លោក Lan បានមានប្រសាសន៍ថា៖ «នៅមានលំហរធំនៅឡើយសម្រាប់ប្រទេសចិនក្នុងការបោះផ្សាយមូលបត្របំណុល»។
ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះកំពុងប្រឈមនឹងសម្ពាធបរិត្តផរណាដ៏ខ្លាំងក្លាដោយសារតែការធ្លាក់ចុះទីផ្សារអចលនទ្រព្យយ៉ាងខ្លាំង និងការធ្លាក់ចុះខ្សោយទំនុកចិត្តអ្នកប្រើប្រាស់ ដែលបានបង្ហាញឱ្យឃើញពីការពឹងផ្អែកខ្លាំងជ្រុលលើការនាំចេញនៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោកកាន់តែតានតឹង។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ទិន្នន័យសេដ្ឋកិច្ចដ៏ធំទូលាយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មិនអាចសម្រេចបានតាមការការព្យាករទេ ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមសេដ្ឋវិទូ និងវិនិយោគិនថា ទិសដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ភាគរយរបស់រដ្ឋាភិបាលចិននៅឆ្នាំនេះអាចមានហានិភ័យក្នុងការសម្រេចបាន និងថា ការថមថយកំណើនសេដ្ឋកិច្ចជាប្រព័ន្ធរយៈពេលវែងអាចកើតមាន។
វិធានការជំរុញសារពើពន្ធនៅក្នុងប្រទេសចិនបានក្លាយជាកម្មវត្ថុនៃការរំពឹងយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកថានឹងត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅខែកញ្ញារបស់មេដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តចិនបានបង្ហាញពីភាពបន្ទាន់កាន់តែខ្លាំងក្នុងការទប់ស្កាត់បញ្ហាសេដ្ឋកិច្ចដែលកំពុងកើនឡើង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែមុនថា ប្រទេសចិនគ្រោងនឹងបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលពិសេសដែលមានតម្លៃប្រហែល ២ពាន់ពាន់លានយន់ (២៨៤ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាផ្នែកមួយនៃវិធានការជំរុញសារពើពន្ធថ្មី។
ពាក់កណ្តាលនៃទឹកប្រាក់ដែលទទួលបានពីមូលបត្របំណុលនោះនឹងត្រូវប្រើដើម្បីជួយរដ្ឋាភិបាលមូលដ្ឋានរបស់ចិនក្នុងការដោះស្រាយបញ្ហាបំណុលរបស់ពួកគេ ខណៈដែលពាក់កណ្តាលទៀតនឹងឧបត្ថម្ភធនលើការទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងទំនិញផ្សេងទៀត ព្រមទាំងផ្តល់ហិរញ្ញប្បទានដល់ប្រាក់ឧបត្ថម្ភប្រចាំខែប្រហែល ៨០០យន់ ឬ ១១៤ដុល្លារអាមេរិកក្នុងកូនម្នាក់ដល់គ្រួសារទាំងអស់ដែលមានកូនពីរនាក់ឬច្រើនជាងនេះ។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន Bloomberg ក៏បានរាយការណ៍កន្លងមកផងដែរថា ប្រទេសចិនក៏កំពុងពិចារណាចាក់បញ្ចូលទឹកប្រាក់រហូតដល់ ១ពាន់ពាន់លានយន់ទៅក្នុងធនាគាររដ្ឋធំៗរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពរបស់ធនាគារទាំងនោះក្នុងការទ្រទ្រង់សេដ្ឋកិច្ច ដែលការចាក់បញ្ចូលសាច់ប្រាក់នេះជាចម្បងធ្វើឡើងតាមរយៈការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលថ្មី៕

អត្ថបទដែលជាប់ទាក់ទង