ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

30


ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤នោះ គឺប្រទេសកម្ពុជាបានក្លាយជាសមាជិកទី១៤៨។ រយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។
ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម «ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)» ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់។
បន្ថែមពីនេះ ក្នុងនាមជាសមាជិកអភិវឌ្ឍន៍តិចតួចរបស់ WTO កម្ពុជាទទួលបាននូវអត្ថប្រយោជន៍បន្ថែម ដូចជា «ប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SD&T)» និង «ច្រកទីផ្សារ ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)» ក៏ដូចជាវិធានការអនុគ្រោះ មួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឲ្យបានពេញលេញរបស់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ទទួលបាននូវជំនួយពីសមាជិក WTO និងអង្គការអន្តរជាតិនានា សម្រាប់ការពង្រឹង និងការធ្វើកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធី កំណែទម្រង់ទាំងឡាយដែលកម្ពុជា បានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារៈអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឲ្យកម្ពុជា មានសមត្ថភាពទាញយកផលប្រយោជន៍ជាអតិបរិមាពី WTO។
តាមរយៈផលប្រយោជន៍ទាំងនោះ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនដូចខាងក្រោម៖
-១៖ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ៥,៣ពាន់លានដុល្លារអាមេរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់២៩,៦១ពាន់លានដុល្លារសហរដ្ឋអាមេរិក
-២៖ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១.៦ភាគរយ ពី៦០% ក្នុងឆ្នាំ២០០០ មកត្រឹម១៦% ក្នុងឆ្នាំ២០២២ ហើយសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង ជាង៧ភាគរយក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឲ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅ ឆ្នាំ២០១៥
-៣៖ ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារអាេមរិក នៅឆ្នាំ២០០០ រហូតដល់៤.៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣
-៤៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤.៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់៤៧,៨៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ២៣,៤៧ពាន់លានដុល្លារអាមេរិក។
-៥៖ ទំនិញនាំចេញរបស់កម្ពុជាត្រូវធ្វើពិពិធកម្មជាបន្តបន្ទាប់ ដោយបន្ថែមពីលើទំនិញសម្លៀកបំពាក់ ដែលជាទំនិញនាំចេញចម្បង កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែម ដូចជា អង្ករ សម្ភារៈ ធ្វើដំណើរ ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបង្គំ និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ដែលមានតម្លៃប្រមាណ ៧,៨ពាន់លានដុល្លារអាមេរិក, អង្ករ១,៧២ពាន់លានដុល្លារអាមេរិក, សម្ភារៈធ្វើដំណើរ១,៦ពាន់លានដុល្លារអាមេរិក, ស្បែកជើង និងស្រោមជើង១,៣៦ពាន់លានដុល្លារអាមេរិក, គ្រឿងអេឡិចត្រូនិក និងភាគបង្គំ ៣,១២ពាន់លានដុល្លារអាមេរិក និងកង់៤១៧លានដុល្លារអាមេរិក។
-៦៖ កម្ពុជាត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ឲ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១៕

អត្ថបទដែលជាប់ទាក់ទង