អាចម៌សេះបាត់ហើយ! រដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ជាថ្មីថា ប្រមុខ UN ជា «បុគ្គលិកដែលមិនត្រូវបានស្វាគមន៍» ឲ្យចូលប្រទេស
ហ្សេរុយសាឡឹម៖ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz បានបញ្ជាក់ជាថ្មី នៅថ្ងៃអាទិត្យនេះថា អ៊ីស្រាអែលចាត់ទុកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជា «បុគ្គលិកដែលមិនត្រូវបានស្វាគមន៍» ឲ្យចូលប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃទី០២ ខែតុលា លោក Katz បានប្រកាសថា លោក Guterres ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសអ៊ីស្រាអែល ដោយសារតែលោកមិនបានថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា បន្ទាប់ពីការបាញ់មីស៉ីលជាង ១៨០គ្រាប់របស់អ៉ីរ៉ង់ ទៅលើអ៉ីស្រាអែល លោក Guterres បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយថ្កោលទោស ចំពោះការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ា។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz ចាត់ទុកថា ការមិនហ៊ាននិយាយថ្កោលទោសអ៉ីរ៉ង់ ពីសំណាក់លោក Guterres បានបង្ហាញពីគោលជំហរមិននៅខាងអ៉ីស្រាអែល ដូច្នេះមិនគួរត្រូវបានស្វាគមន៍ ឱ្យចូលមកក្នុងទឹកដីអ៉ីស្រាអែលឡើយ។
ទោះបីយ៉ាងណា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់នូវការគាំទ្រចំពោះ លោក Antonio Guterres ប្រមុខនៃ UN ដែលត្រូវអ៉ីស្រាអែល ហាមមិនឱ្យចូលទៅក្នុងប្រទេសរបស់ខ្លួន៕