សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ធ្វើការចរចារលើគម្រោងផ្លូវដែក ឱ្យបានឆាប់យ៉ាងយូរចុងឆ្នាំនេះ បើមិនដូច្នេះទេសម្តេចនឹងដកគម្រោងវិញ
ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងតែចរចារធ្វើបន្ថែមទៀតទៅលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ និងផ្លូវដែក ដើម្បី បម្រើឲ្យវិស័យ ដឹកបញ្ជូន ខណៈដែលសម្តេចបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ធ្វើការចរចារឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ ដើម្បីធ្វើការពង្រឹងផ្លូវដែកបន្ថែម បើមិនដូច្នេះទេសម្តេចនឹងដកគម្រោងវិញ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO)នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធដែលជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការនូវកំពង់ផែពហុបំណងកំពត និងចាប់ផ្ដើមបើក ការដ្ឋាន សាងសង់ព្រែកជីកហ្វូណន តេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងកំពុងតែចរចាដើម្បីធ្វើបន្ថែមទៅលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ ហើយក្រៅពីនោះគឺប្រព័ន្ធផ្លូវដែក ដែលជាក់ស្តែងនៅពេលនេះ យើងមានផ្លូវដែក មួយចំហៀងពី ជើងទៅត្បូង ដែលខ្ញុំបានឱ្យគោលការរួចហើយដល់ក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាចរចារឱ្យបានចេញជាការចុះអនុស្សរណៈយោគយល់គ្នា (MoU) ឱ្យបានយ៉ាងយូរ នៅចុងឆ្នាំនេះ ពីព្រោះបញ្ហាផ្លូវដែកនេះបានកកស្ទះគាំងរាប់ឆ្នាំមកហើយ ដោយយើងត្រូវពង្រឹងនិងមិនអាចទុកតទៅទៀតបានទេ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទៅថ្ងៃខាងមុខយើងអាចពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើតបន្ថែមទៀតដើម្បីភ្ជាប់ ពីព្រោះផ្លូវដែកនេះវាបានជួយច្រើនក្នុងការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ផ្លូវទឹកយើងមានហើយ យើងនឹងបន្តភ្ជាប់ព្រែកជីកពីផ្លូវសមុទ្រ មកផ្លូវទន្លេ ដែលមកដល់ពេលនេ រាជរដ្ឋាភិបាលកំពុងតែរកអ្នកស្តារទន្លេនៅផ្នែកខាងលើ ខណៈដែលនៅខាងខេត្តកំពង់ចាម ខេត្តក្រចេះ នៅមានខ្សាច់ច្រើន យើងត្រូវការអ្នកស្តារទន្លេ ដើម្បីឱ្យផ្លូវទឹកកាន់តែងាយស្រួល។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យអ្នកឧកញ្ញ៉ា គិត ម៉េង និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសារធាណការ និងដឹកជញ្ជូន ធ្វើយ៉ាងចរចារចុះអនុស្សរណៈយោគយល់គ្នា រឿងផ្លូវដែកនេ ឱ្យបានចប់ នៅចុងឆ្នាំនេះ ដើម្បីចាប់ផ្លូវធ្វើការងារពង្រឹងផ្លូវដែកនេះ, ទោះបីវាមិនល្អឥតខ្ចោះក៏ដោយ សំខាន់ឱ្យបានដំណើរការគឺចាប់ផ្តើមធ្វើ ហើយចាំធ្វើការពង្រឹងបន្ថែមទៀតជាគោលការណ៍។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ថវិកាក្នុងការជួសជុលផ្លូវដែកនេះយើងមានមួយចំនួនហើយ សម្រាប់សិក្សាលើផ្លូវដែកនេះ ប៉ុន្តែត្រូវធ្វើការសិក្សាឱ្យបានរួចរាល់ ដើម្បីកុំឱ្យចាយលុយ អត់មានប្រយោជន៍, សម្តេចអះអាងថា សម្រាប់ការជួសជុលផ្លូវដែកនេះ ចិនបានផ្តល់ឱ្យថវិកាប្រមាណ ៣០០លានយន់ ជាជំនួយឥតសំណងសម្រាប់ផ្លូវដែកនេះ ដូចនេះយើងត្រូវ ធ្វើយ៉ាងណា ដើម្បីឱ្យផ្លូវដែកកាន់តែល្អប្រសើរ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបដែរថា នៅថ្ងៃណាមួយសម្តេចនឹងទៅជិះរថភ្លើង ដោយមិនប្រាប់ជាមុនដើម្បីពិនិត្យជាក់ស្តែងតែម្តង។ ផ្លូវដែកនេះគឺជារឿងមួយសំខាន់ ក្នុងការដឹកជញ្ជូនមនុស្ស និងការដឹកជញ្ជូនទំនិញ គឺកាត់បន្ថយការចំណាយ និងពេលវេលាបានច្រើន៕