UN ថារថក្រោះអ៉ីស្រាអែល ទម្លុះចូលខ្លោងទ្វារធំនៃមូលដ្ឋាន របស់កងរក្សាសន្តិភាពនៅលីបង់
ហ៊្សេរុយសាឡិម៖អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា រថក្រោះអ៉ីស្រាអែល បានទម្លុះចូលមកតាមខ្លោងទ្វារនៃមូលដ្ឋាន របស់កងរក្សាសន្តិភាព នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០២៤។
កងកម្លាំងបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ប្រចាំប្រទេសលីបង់ (UNIFIL) ចេញសេចក្តីថ្លែងការណ៍មួយថា រថក្រោះអ៉ីស្រាអែល Merkava ពីរគ្រឿង ស្រាប់តែចូលមកតាមខ្លោងទ្វារធំ ហើយពេលរថក្រោះបើកទៅផុត គ្រាប់ផ្លោងក៏ផ្ទុះឡើង ចម្ងាយប្រហែល ១០០ម៉ែត្រ ដោយបញ្ចេញផ្សែងហុយពេញមូលដ្ឋាន និងនាំឱ្យបុគ្គលិកឈឺ។
យោធាអ៉ីស្រាអែលនិយាយថា ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានបាញ់មីស៉ីលប្រឆាំងរថក្រោះមកកាន់កងទ័ព ធ្វើឱ្យពួកគេ ២៥នាក់រងរបួស ខណៈការវាយប្រហារនេះ កើ
តឡើងនៅជិតប៉ុស្តិ៍ UNIFIL ហើយរថក្រោះត្រូវបានប្រើប្រាស់ សម្រាប់ជម្លៀសអ្នករបួស ទើបឆ្លងកាត់ប៉ុស្តិ៍យាមរបស់ UNIFIL។ អ្នកនាំពាក្យយោធា លោក Nadav Shoshani បានប្រាប់អ្នកយកព័ត៌មានថា នេះមិនមែនជាការវាយលុក ឬព្យាយាមចូលមូលដ្ឋានទ័ព UN ទេ។ វាជារថក្រោះ ដែលស្ថិតនៅក្រោមការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរ ហើយដើម្បីគេចចេញពីគ្រោះថ្នាក់។ យោធាបានបាញ់ផ្សែង ដើម្បីជម្លៀសទាហានដែលរងរបួសប៉ុណ្ណោះ ហើយសកម្មភាពនោះ មិនបានបង្កគ្រោះថ្នាក់ដល់កងរក្សាសន្តិភាពឡើយ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុពាក់ព័ន្ធនឹងកងរក្សាសន្តិភាព UN នៅលីបង់ បានកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែល-ហេសបូឡាបង្កើនការប្រយុទ្ធគ្នា ទាំងផ្លូវអាកាស និងជើងគោក។ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានផ្ញើលិខិតទៅកាន់ប្រមុខ UN លោក Antonio Guterres ឱ្យថាដកកងរក្សាសន្តិភាពចេញពីបន្ទាយ នៅលីបង់ ដោយនិយាយថា មានទីតាំងឈរជើងរបស់ក្រុមហេសបូឡានៅទីនោះ និងជាតំបន់កំពុងមានការប្រយុទ្ធគ្នា៕