ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍, យោធិនជំនាញដែលមានសមត្ថភាពល្អ និងយោធិនដែលនៅមានកម្លាំង ត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន

41


ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍, ចំពោះយោធិនជំនាញដែលមានសមត្ថភាពល្អត្រូវរក្សាទុក ដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេនអ្នកបន្ដវេន ចំណែកយោធិនដែលដល់អាយុចូលនិវត្តន៍ប៉ុន្ដែនៅក្មេងនៅមានកម្លាំង ក៏សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ។
ការប្រកាសបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចបវរធិបតី បានបញ្ជាក់ថា នៅក្នុងជួរកងទ័ព យោធិនដែលចូលនិវត្តន៍មានច្រើនជាងអ្នកដែលរើសចូលបំពេញមកវិញ ដូច្នេះសម្ដេចបានផ្ដល់គោលការណ៍ចំពោះយោធិនដែលចូលនិវត្តន៍ សូមយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហានប្រភេទ២ ដែលបាតបង់សមត្ថភាពការងារ។
សម្ដេចបានបន្តថា ចំពោះយោធិនជំនាញចាំបាច់ដែលគាត់នៅមានសុខភាពល្អ គួររក្សាសិន ដើម្បីបន្សាំនិងបណ្ដុះបណ្ដាលអ្នកបន្តវេន ដូចជា ជំនាញរថក្រោះ កាំភ្លើងធំ វិស្វកម្មជាដើម។ ដោយឡែក យោធិនដែលដល់អាយុ ចូលនិវត្តន៍ តែនៅក្មេងនៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ មិនចាំបាច់ដាក់ឱ្យចូលនិវត្តបង្គ្រប់គោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ។
សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «នាយទាហាន នាយទាហានរង និងពលទាហានដែលនៅក្មេង នៅមានកម្លាំងមាំមួន នៅមានឆន្ទៈ ត្រូវទុកឱ្យគាត់បំពេញភារកិច្ចតទៅទៀត ព្រោះពួកគាត់បានបន្សាំនឹងការងារជាយោធិនច្រើនឆ្នាំហើយ»។
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់យោបល់ទៅខាងយោធសេវាកម្ម និងខាងនីតិកម្មអាចពិនិត្យមើលពីលក្ខខន្តិកៈរបស់កងយោធពលខេមរភូមិន្ទឡើងវិញ ពិនិត្យមើលលក្ខខណ្ឌនៃការចូលនិវត្តន៍ ដូចជាដំឡើងអាយុចូលនិវត្តន៍សម្រាប់យោធិនស័ក្តិទាបៗ ហើយអាចគិតពីកាំប្រាក់ខ្លះជូនពួកគាត់ សម្រាប់ពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង