សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្អាកបញ្ជូននិស្សិតខ្មែរទៅប្រទេសអ៉ីស្រាអ៊ែល, ខណៈបច្ចុប្បន្នមាននិស្សិតខ្មែរ ២២០នាក់ កំពុងរស់នៅទីនោះ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្អាកបញ្ជូននិស្សិតខ្មែរ ទៅប្រទេសអ៉ីស្រាអ៊ែល, ខណៈបច្ចុប្បន្ននេះ មាននិស្សិតខ្មែរចំនួន២២០នាក់ កំពុងសិក្សា និងរស់នៅទីនោះ ហើយនិស្សិតខ្មែរទាំងអស់ កំពុងរស់នៅក្នុងទីតាំងដែលមានសុវត្ថិភាព និងស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីនៅតំបន់មជ្ឈឹមបូព៌ា កំពុងមានជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានបន្តឡើងវិញកាលពីមួយឆ្នាំមុន នៅពេលចលនាប្រដាប់អាវុធ លីបង់មួយនេះ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត លើភាគខាងជើងអ៉ីស្រាអែល ក្រោមគោលបំណងគាំទ្រដល់ ក្រុមហាម៉ាសប៉ាឡេស្ទីន អំឡុងការផ្ទុះឡើងដំបូង នៃសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយជម្លោះរវាងភាគីទាំងពីរ បានកើនឡើងកម្តៅយ៉ាងគំហុក កាលពីខែមុន។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា មិនមានផែនការជួលយន្តហោះដឹកនាំនិស្សិតកម្ពុជា ដែលកំពុងតែសិក្សានៅប្រទេសអ៉ីស្រាអែលនៅពេលនេះនោះទេ។ ប៉ុន្តែ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំចំពោះសុខទុក្ខ ក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ ដោយមិនចោលប្រជាពលរដ្ឋខ្មែរណាម្នាក់ជាដាច់ខាត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើព័ត៌មានដល់ឪពុក ម្តាយ អាណាព្យាបាលរបស់និស្សិតទាំងអស់ថា បើទោះបីជាប្រទេសកម្ពុជា មានសន្តិភាពក៏ដោយ រាជរដ្ឋាភិបាលក៏មិនបានភ្លេចដល់ប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលកំពុងរស់នៅ និងប្រឈមមុខនឹងគ្រោះថ្នាក់នៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ដោយសារតែសង្គ្រោះនោះដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំបានបញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតស្ម័គ្រចិត្តយើងទៅធ្វើកាមសិក្សាការីនៅអ៉ីស្រាអែល ឱ្យក្រសួងការបរទេស ស្ថាប័នចារកិច្ចរបស់យើង ក្រសួងកសិកម្ម ដែលមានទំនាក់ទំនងតាមជាប់ជាមួយនិស្សិតរបស់យើងដែលបច្ចុប្បន្នមាន២២០នាក់ នៅទីនោះ ហើយរាយការណ៍ឱ្យខ្ញុំជាប្រចាំ»។
ជាមួយនឹងស្ថានភាពផុយស្រួលនៃជម្លោះនៅក្នុងប្រទេសអ៉ីស្រាអែលនេះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រៀមផែនជាមួយចំនួនដើម្បីការពារសុវត្ថិភាពដល់និស្សិតរបស់កម្ពុជា ទៅតាមស្ថានភាពចាំបាច់ នៅក្នុងករណីដែលសភាពការណ៍កាន់តែកើនឡើងកម្លាំងឡើង ជាពិសេសប្រជាពលរដ្ឋ និស្សិតខ្មែរ ដែលកំពុងតែរស់នៅក្នុងតំបន់ក្រហម អាចនឹងឈានឡើងតាមរយៈការវាយប្រហារគ្នារវាងកងទ័ពអ៉ីស្រាអែល និងភាគីផ្សេងៗទៀតជាដើម។
«ក្នុងពេលផ្ទុះសង្គ្រាមថ្មីនេះ យើងមាននិស្សិត២២០នាក់ កំពុងនៅទីនោះ ដែលកំពុងរស់នៅក្នុងទីតាំងមានសុវត្ថិភាពទាំងអស់ ប៉ុន្តែ សភាពការណ៍អាចប្រែប្រួលយើងនៅបន្តតាមដាន»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងអាចបញ្ឈប់ការប្រយុទ្ធគ្នា ហើយឈានទៅរកការចរចារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះកុំឱ្យរីករាល កាន់តែធំនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់កងទ័ពមួខៀវរបស់កម្ពុជា ចំនួន១៨៤រូប ដែលជាកងកម្លាំងវិស្វកម្ម និងពហុជំនាញ ដឹកនាំដោយមេកងជានារី មានភាពក្លាហាន កំពុងឈររក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាតិ នៅក្នុងប្រទេសលីបង់ និងត្រូវបានសម្តេចទាក់ទងសួរព័ត៌មានកងទ័ពមួកខៀវកម្ពុជា នៅតំបន់នោះជាប់ជានិច្ច និងណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈការផ្លោងគ្រាប់ដាក់គ្នានៅបន្ដ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះមានការការផ្លោងគ្រាប់ធ្លាក់មកជិតរបន្ទាយដែលកងទ័ពមួកខៀវកម្ពុជា បោះទីតាំង។ ត្រង់ចំណុចនេះ គឺបានបញ្ជាក់យ៉ាងសំខាន់នៃសុខសន្តិភាព នៅពេលមានសង្គ្រាមសូម្បីតែកងទ័ពមួកខៀវ ក៏ត្រូវរងការវាយប្រហារ ព្រមទាំងធ្វើឱ្យកងទ័ពមួកខៀវចំនួន ៥នាក់ ដែលឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ រងរបួសផងដែរ៕