ចាប់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ករណីរំលោភបំពានផ្លូវភេទលើកុមារីសិស្សសាលា
ភ្នំពេញ៖បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធការប្រព្រឹត្តអំពើប្រទូស្តកេរ្ដិ៍ខ្មាស និងរំលោភសេពសន្ថវៈលើកុមារីជាសិស្សសាលាខ្មែរឥស្លាម។
ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
កម្លាំងជំនាញបានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀត បានបំភ្លឺផ្តល់ព័ត៌មាន។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានសូមអំពាវនាវដល់ក្រុមគ្រួសារ នៃកុមារីរងគ្រោះក្នុងករណីខាងលើនេះ មកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឬដាក់ពាក្យបណ្តឹងអនឡាញតាមរយៈក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ព័ត៌មាន និងភស្តុតាងបន្ថែម ដល់សមត្ថកិច្ចជំនាញ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៕