ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមសុខ ពេញវុធ ណែនាំឱ្យសមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូញពេញ

35

ភ្នំពេញ៖ឯកឧត្ដមសុខ ពេញវុធ ណែនាំឱ្យសមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូញពេញ ភ្លាមៗក្រោយពលរដ្ឋសំណូមពរឱ្យដោះស្រាយ។
ការថ្លែងបែបនេះក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ខាងជើងវិមានឯករាជនាខណ្ឌដូនពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យអធិការង និងអភិបាលខណ្ឌដូនពេញ ធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងហាងកាហ្វេមួយកន្លែង ដែល បង្កប់ល្បែងស៊ីសងអនឡាញ ក្រោយប្រជាពលរដ្ឋសំណូមពរផ្ទាល់មាត់ ឱ្យជួយដោះស្រាយ ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មានប្រជាពលដ្ឋ៣រូប បានលើកឡើងនូវបញ្ហាផ្ទាល់មាត់ ដើម្បីជួយដោះស្រាយ ក្នុងចំណោម៣រូបនេះ មានបញ្ហាចំនួន៧ ។ ក្នុងនោះបញ្ហាមួយចំនួន ត្រូវបានឯកឧត្ដមសុខ ពេញវុធ ដោះស្រាយជូនភ្លាមៗ និងមួយចំនួនឯកឧត្ដមអះអាងថា វាជាប់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាពិសេសជាកិច្ចការរបស់ថ្នាក់ជាតិ ដែលមិនអាចដោះស្រាយបានត្រឹមថ្នាក់មូលដ្ឋាន តួរយ៉ាងសំណូមពរជួយដោះស្រាយ លើការកែប្រែឯកសារមួយចំនួន របស់អត្រានុកូលដ្ឋាន ជុំវិញការខុសអក្ខរាវិរុទ្ធ និងការពន្លឿនការចុះបញ្ជីដីធ្លី រួមទាំងការបង់ពន្ធប្រថាប់ត្រាជាដើម ។ ដោយឡែក ជុំវិញបញ្ហាដែលអាចដោះស្រាយបានភ្លាមៗ ដូចករណី ពលរដ្ឋលើកឡើងពីការព្រួយបារម្ភលើសុវត្ថិភាពរបស់ខ្លួន ដោយសារតែមានហាងកាហ្វេបង្កប់ល្បែងស៊ីសងអនឡាញ ដែលប្រមូលផ្តុំដោយអ្នកប្រើប្រាស់គ្រឿងញៀន និងជនមិនមានទីលំនៅច្បាស់លាស់នោះ, ឯកឧត្ដម សុខ ពេញវុធ បានដាក់បទបញ្ជា ទៅកាន់ លោកអធិការង លោកអភិបាលខណ្ឌថា “ត្រូវធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ទៅលើទីតាំងនេះ ព្រោះនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហានេះ” ។
ឯកឧត្ដមអភិបាលរង មានប្រសាសន៍បន្ថែមថា “ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ទាំងស្រុង នៅមូលដ្ឋានរាជធានីភ្នំពេញ ចឹងពាក់ព័ន្ធបញ្ហានេះ សូមឱ្យពិនិត្យឡើងវិញ” ។
នៅក្នុងវេទិកានេះដែរ ឯកឧត្ដមសុខ ពេញវុធ ក៏បានលើកឡើងដែរថា “វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃនេះ បានបង្កប់អត្ថន័យចំនួន២ ទី១ គឺការដោះស្រាយ និងទី២ ការពិគ្រោះយោបល់ ។ យើងទាំងអស់គ្នា បានរកឃើញ នូវបញ្ហាសំខាន់ៗជាអទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិចារណាកែលម្អ ដើម្បីលើកកម្ពស់ជីវរភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននីមួយៗ ក្នុងក្របខណ្ឌសង្កាត់ទាំង១១ នៃខណ្ឌដូចពេញញ” ។
ក្នុងឱកាសនោះឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកទឹកចិត្ត ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់ អញ្ជើញលើកឡើងនូវបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះ ដោយកុំខ្លាចខុស ឬក៏ត្រូវ ដើម្បីអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចពិនិត្យនិងដោះស្រាយជូនតាមដែលអាចធ្វើទៅបាន ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅធ្វើការបូកសរុប ហើយនិងចាត់ការក្នុងការដោះស្រាយបញ្ហានីមួយៗ ដោយយើងអាចដោះស្រាយ អ្វីដែលយើងមានលទ្ធភាពត្រូវធ្វើភ្លាម គឺធ្វើភ្លាម” ។
ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងបន្ថែមថា វេទិកានេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ជាមួយនឹងប្រជាពលរដ្ឋ ជាមួយតំណាងសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាផ្តល់កិច្ចប្រឹក្សាអំពីបញ្ហាអទិភាព សម្រាប់អភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធិភាព និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង