បារាំងហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលមិនឱ្យចូលរួមពិព័រណ៍យោធា ខណៈភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ
ក្រុងបារីស៖ប្រទេសបារាំង បានហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលមិនឱ្យចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មសព្វាវុធរបស់កងទ័ពជើងទឹកនៅខែក្រោយ ដែលជាសញ្ញាចុងក្រោយបង្អស់នៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ជុំវិញសង្គ្រាមនៅហ្គាហ្សានិងលីបង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤។
ការហាមឃាត់នេះបានកើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីសម្រេចបានបទឈប់បាញ់ និងការមិនពេញចិត្តរបស់ប្រធានាធិបតី Emmanuel Macron ចំពោះសកម្មភាពរបស់អ៊ីស្រាអែល។
អ្នករៀបចំព្រឹត្តិការណ៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបារាំងបានហាមឃាត់គណៈប្រតិភូអ៊ីស្រាអែលមិនឱ្យដាក់តាំងបង្ហាញ ឬបង្ហាញឧបករណ៍យោធានៅក្នុងពិព័រណ៍ Euronaval ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីសចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា។ របាយការណ៍បានគូសបញ្ជាក់ថា ការហាមឃាត់ថ្មីនេះបានប៉ះពាល់ដល់ក្រុមហ៊ុនអ៊ីស្រាអែលចំនួនប្រាំពីរ ដែលមានបំណងចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មសព្វាវុធរបស់កងទ័ពជើងទឹកដ៏មានសារៈសំខាន់នេះ។
ទោះជាយ៉ាងណាក៏ដោយ គណៈប្រតិភូអ៊ីស្រាអែលនៅតែអាចចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនេះបាន ដោយគ្រាន់តែមិនអាចដាក់តាំងបង្ហាញផលិតផលយោធារបស់ពួកគេប៉ុណ្ណោះ។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ នៅឆ្នាំនេះដែលបារាំងបានហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលមិនឱ្យចូលរួមពិព័រណ៍ការពារជាតិ។ កាលពីខែឧសភា ក្រុមហ៊ុនអ៊ីស្រាអែលក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មយោធាមួយផងដែរ ដោយសារតែប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន។
ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាសាធារណៈរវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតីបារាំង Emmanuel Macron ជុំវិញបទឈប់បាញ់ និងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់។ លោក Macron បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិល និងបានអំពាវនាវឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធវាយលុកដល់អ៊ីស្រាអែល៕