កូរ៉េខាងជើង ថារដ្ឋធម្មនុញ្ញរបស់ខ្លួនឥលូវ ចាត់ទុកកូរ៉េខាងត្បូង ជា «សត្រូវ»
ក្រុងសេអ៊ូល៖កូរ៉េខាងជើង បានចាត់ទុកថាកូរ៉េខាងត្បូងជា «សត្រូវ»ដែលនេះជាការទទួលស្គាល់ជាលើកដំបូងថាសភាជាតិរបស់ខ្លួន បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឱ្យស្របទៅតាមការសន្យារបស់លោក គីម ជុងអ៊ុន ដែលបានប្រកាសបោះបង់ចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ជាគោលដៅរបស់ជាតិ។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
KCNA នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ បាននិយាយថាយោធាកូរ៉េខាងជើង បានបំផ្ទុះបំផ្លាញផ្នែកជាច្រើននៃផ្លូវថ្នល់ និងផ្លូវដែក ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ជាសកម្មភាពស្របច្បាប់ប្រឆាំងនឹង «រដ្ឋមួយដែលជាសត្រូវ» ដែលត្រូវបានកំណត់នៅក្រោមរដ្ឋធម្មនុញ្ញរបស់ កូរ៉េខាងជើង។ «នេះជាវិធានការដែលត្រូវតែធ្វើដោយចៀសមិនរួច និងស្របច្បាប់ ដែលត្រូវបានធ្វើឡើងអនុលោមតាមរដ្ឋធម្មនុញ្ញាកូរ៉េខាងជើង ដែលបានកំណត់ យ៉ាងច្បាស់ថាកូរ៉េខាងត្បូងជារដ្ឋដែលជាសត្រូវ»។ នេះជាការគូសបញ្ជាក់របស់ KCNA។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលុបចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ដោយចោទប្រកាន់ថាកូរ៉េខាងត្បូង បានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោកសព្វថ្ងៃ។ សភាជាតិកូរ៉េខាងជើង បានបើកសម័យប្រជុំ រយៈពេល២ថ្ងៃ កាលពីសប្ដាហ៍មុន ខណៈមានការរំពឹងទុកជាមុនទៅហើយថាកូរ៉េខាងជើងនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ។
ប៉ុន្តែ ខាងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនបានផ្ដល់ព័ត៌មានលម្អិតពីការធ្វើវិសោធនកម្មនេះនោះទេ៕