ពលករខ្មែរ៤នាក់ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្រះកែវ ប្រទេសថៃ
ប្រទេសថៃ៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយូតាយ៉ារីស (Toyoto Yaris) ពាក់ស្លាកលេខ 5กน-7538 ដឹកពលករខ្មែរចំនួន៤នាក់ (ប្រុស៣នាក់ កុមារាម្នាក់) បានជួបឧបទ្ទវហេតុបុករថយន្ត Pick up ពាក់ស្លាកលេខ ฌย-4189 បើកបរបញ្ច្រាស់ទិសបុកគ្នា ដែលបណ្តាលឲ្យពលករខ្មែរនៅលើរថយន្តស្លាប់ចំនួន៤នាក់ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅជួបមន្ត្រីប៉ូលីស ស្រុកខ្លងហាង ខេត្តស្រះកែវ ដើម្បីទៅពិនិត្យរថយន្តគ្រោះថ្នាក់ចរាចរណ៍ ទីកន្លែងកើតហតុ ក៏ដូចជាពិនិត្យសពនៅវត្តខ្លងហាត និងចូលរួមប្រជុំពិភាក្សានៅស្រុកខ្លងហាតខេត្តស្រះកែវ។
លោកបានអះអាងថា ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលឯកសារបញ្ជូនសពឈ្មោះ អួត សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតាមច្រកភ្នំដី។ ចំណែកសពចំនួន៣ទៀត ស្ថានអគ្គកុងស៊ុលកំពុងទាក់ទងទៅសាច់ញាតិ នៃសពដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីជាតិ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមដួងព្រលឹងជនរងគ្រោះបានសោយសុខក្នុងឋានសុគតិភព៕