ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ

35


ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចាកចេញពីមាតុប្រទេសទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងចន្ទសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៥។
មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាជួបជុំរបស់សភា នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងពង្រឹងវិស័យការទូតសភានិងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងអន្តរជាតិ។
មហាសន្និបាតអាយប៉ាលើកទី៤៥ ដែលសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្រោមមូលបទ «តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN»។
មហាសន្និបាតអាយប៉ា ជាវេទិកាសភាសំខាន់មួយនៅក្នុងតំបន់ ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្តនិងគន្លឹះនានាដើម្បីរួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានដែលយកប្រជាពលរដ្ឋជាស្នូល។ វត្តមាន គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាសភានានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
សូមជម្រាបថានៅក្នុងមហាសន្និបាតអាយប៉ា មានវេទិកា និងកិច្ចប្រជុំជាច្រើនដែលថ្នាក់ដឹកនាំសភាកម្ពុជានិងសមាជិកគណៈប្រតិភូត្រូវចូលរួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ វេទិកាអ្នកដឹកនាំស្រ្តីក្នុងវិស័យនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តីអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការបូកសរុប ជាដើម។ ក្រៅពីនេះក៏មានជំនួបពិភាក្សារវាងអាយប៉ា និងសភាសង្កេតការណ៍ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង