ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវអញ្ជើញបិទបញ្ចប់កម្មវិធីប្រណាំងទូកង នៅខេត្តព្រៃវែងបញ្ចប់ប្រកបដោយភាពជោគជ័យ

38


ព្រៃវែង៖ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បិទបញ្ចប់នៃកម្មវិធីប្រណាំងទូកង នៅខេត្តព្រៃវែង ក្រោយធ្វើការប្រកួតរយៈពេលពីរថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយ។
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តបានថ្លែងថា ការរៀបចំនូវពិធីប្រណាំងទូកង នេះដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាដែលជាថ្ងៃបុណ្យប្រពៃណីព្រះពុទ្ធ សាសនា ក៏ដូចជាការផ្ដល់ជូន ដល់ប្រជាពលរដ្ឋទូទាំងខេត្ត បានទស្សនាកំសាន្ត និងសប្បាយរីករាយ ម្យ៉ាងវិញទៀតគឺដើម្បីជ្រើសរើសទូកង ដែលមានល្បឿនលឿន និងមធ្យមទៅចូលរួម ប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ ។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា ក្នុងឆ្នាំ២០២៤ មានទូកចូលរួមសរុបចំនួន ៦៣ទូក (ទូកង ខ្នាតអន្តរជាតិ ទាំងអស់ចំនួន ៤៧ទូក ក្នុងនោះចំណុះពិត ១,០៣៤ នាក់ ចំណុះត្រៀម ២៨២នាក់ និងទូកងខ្នាតវែង សរុបទាំងអស់ចំនួន ១៦ទូក ដែលមានចំណុះពិត ១,១៩៣ នាក់ ចំណុះត្រៀម ២៣០នាក់។ ទូកង សរុបទាំងខ្នាតវែង និងខ្នាតអន្តរជាតិមានចំនួន ៦៣ទូក ដែលមានចំណុះពិត និងចំណុះត្រៀមសរុបទាំងអស់ចំនួន ២,៧៤៩ នាក់។)។ ជាក់ស្ដែងនៅថ្ងៃទី១ និងនៅរសៀលថ្ងៃទី២ នៃពិធីប្រណាំងទូកងខេត្តព្រៃវែង មានបងប្អូនប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកំសាន្តជាង ១៣ម៉ឺននាក់។
ឯកឧត្ដមអភិបាលខេត្ត បន្តថា ឆ្លងកាត់ការប្រឡងប្រណាំងយ៉ាងស្វិតស្វាញ ប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព និងការទទូលខុសត្រូវ ក្នុងរយៈពេល ២ ថ្ងៃនេះ ជាលទ្ធផលនៃការប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០២៤នេះ ទូកទទួលបានចំណាត់ថ្នាក់មានចំណាត់ថ្នាក់លេខ១ មានចំនួន ៩ទូក (ទូកខ្នាតអន្តរជាតិ ៧ទូក និងទូកខ្នាតវែង ២ទូក)ចំណាត់ថ្នាក់លេខ ២ មានចំនួន ២៤ទូក (ទូកខ្នាតអន្តរជាតិ ១៨ ទូក និងទូកខ្នាតវែង ៦ទូក)ចំណាត់ថ្នាក់លេខ៣ មានចំនួន ២១ទូក (ទូកខ្នាតអន្តរជាតិ ១៥ទូក និងទូកខ្នាតវែង ៦ទូក) ចំណាប់ថ្នាក់លេខ ៤ មានចំនួន ៩ ទូក( ទូកខ្នាតអន្តរជាតិ ៧ ទូក និងទូកខ្នាតវែង ២ ទូក។
ក្នុងឱកាសនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ពិធីប្រណាំងទូកនេះ គឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តព្រៃវែង ដែលបានបង្កលក្ខណៈនិងភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋបានទស្សនានិងដើរលេងកម្សាន្ត។ ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយប៉ុណ្ណោះទេ តែវាក៏បង្កើតបាននូវប្រាក់ចំណូលសេដ្ឋកិច្ច មួយចំនួនដល់ ប្រជាពលរដ្ឋក្នុងខេត្ត លក់ដូរ ផលិតផលផ្សេងៗ នៅក្នុងព្រឹត្តិការណ៍មួយនេះផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសបិទបញ្ចប់នៃកម្មវិធីប្រណាំងទូកងនេះ លោក អភិសន្តិបណ្ឌិត ស សុខា បានឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ ចំនួន ១ម៉ឺនដុល្លា និងឧបត្ថម្ភទូកអន្តរជាតិ ខ្នាតខ្លីចំនួន ៤៧ ទូកក្នុងមួយៗទូកចំនួន ១លានរៀល និងទូកវែងចំនួន ១៦ទូក ក្នុងមួយទូក ២លានរៀល។ ហើយក្នុងនោះដែរចំណាត់ថ្នាក់លេខ១ ឧបត្ថម្ភថវិកា ២លានរៀល, លេខ២ ចំនួន ៨០ម៉ឺនរៀល, លេខ៣ ចំនួន៦០ម៉ឺនរៀល និងលេខ៤ ថវិកា ៥០ម៉ឺនរៀល, សម្រាប់ទូកង ខ្នាត់វែង ចំណាត់ថ្នាក់លេខ១ ថវិកា ២លានរៀល, លេខ២ ថវិកា ១លាន ៥០ ម៉ឺនរៀល, លេខ៣ ថវិកា ១លាន ៤០ម៉ឺនរៀល លេខ៤ ថវិកា១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង