ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំមជ្ឈមណ្ឌលGICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលពិភាក្សាការងារ ជាមួយ លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការដោះមីនមនុស្សធម៌(GICHD) នៅទីក្រុងឡូសាន ប្រទេសស្វីស ដើម្បីបន្ដពង្រឹងភាពជាដៃគូសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ រាជរដ្ឋា ភិបាលកម្ពុជា បានខិតខំសហការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំមកនេះ ហើយជាលទ្ធផល គឺកម្ពុជា បានផ្តល់ដីសុវត្ថិភាពជូនប្រជាជនកម្ពុជាប្រមាណជា ១០លាននាក់ ហើយសមិទ្ធផលទាំងនេះ កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ក្នុងនោះបានធ្វើឱ្យការងារបោសសម្អាតមីន អាចដំណើរការប្រកបដោយសុវត្ថិភាព និងប្រព្រឹត្តិទៅនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណដៃគូរវាងអាជ្ញាធរមីន និងGICHD និងបានអរគុណដល់មជ្ឈមណ្ឌល GICHD ចំពោះការគាំទ្រការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ជាពិសេសការកសាងសមត្ថភាពថ្នាក់ជាតិប្រកបដោយនិរន្តរភាពក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពសកម្មភាពមីននៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់ កាលមួយយ៉ាងសំខាន់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០២៦-២០៣០ និងគោល នយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥។
ក្នយងនាមតំណាង សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមជ្ឈមណ្ឌល GICHD ឱ្យបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន។
លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌល GICHD នឹងផ្តល់ការរួមចំណែក និងការគាំទ្រដល់ការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន ស្របតាមបរិបទសកម្មភាពមីននៅកម្ពុជា។
លោក Tobias Privitelli បានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបានរបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ៕ ដោយ សំរិត