នាថ្ងៃទី១ នៃពិធីបុណ្យអុំទូកនៅខេត្តកណ្ដាល មានពលរដ្ឋចូលរួមលេងកម្សាន្ត៨ម៉ឺននាក់ ជាមួយនឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អ ក្រោមម្លប់សន្តិភាព
កណ្តាល៖នាថ្ងៃទី១ នៃពិធីអុំទូកនៅខេត្តកណ្ដាល ដែលបានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលលេងកម្សាន្តប្រមាណ៨ម៉ឺននាក់។ នេះបើតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអនុប្រធានគណៈកម្មការព័ត៌មាននិងសោទស្សន៍ នៃពិធីរៀបចំបុណ្យអុំទូក បានថ្លែងនៅថ្ងៃទី១៨ ខែតុលានេះ។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកនៅខេត្តកណ្ដាល ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។
ស្ថិតនៅគ្រាសំណេះសំណាលជាមួយកីឡាករចំណុះទូកទាំងអស់ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល ខេត្ត ក ណ្តាលនៅថ្ងៃទី១នៃការប្រណាំងទូក, ក្រុមកីឡាករចំណុះទូក បានចាប់ផ្ដើមប្រណាំងទូកជាមួយនឹងស្នូរគាស់ទឹកបែកខ្ចាយលើផ្ទៃទន្លេបាសាក់ ហាក់បង្ហាញឲ្យឃើញពីភាពក្លៀវក្លាពេញដោយកម្លាំង អ៊ុំទូកយ៉ាងចាស់ដៃជាមួយនឹងស្នូរសម្លេង ស្រែកហ៊ោរកញ្រ្ជៀវពីសំណាក់ពលរដ្ឋរាប់ពាន់ដែលមកទស្សនាកម្សាន្តនៅច្រាំងទន្លបាសាក់សួនច្បារក្រុងតាខ្មៅ ។
បង្ហាញពីទឹកមុខញញឹម ញញេមពីសំណាក់ថ្នាក់ដឹកនាំខេត្តដែលមានឯកឧត្ដម នូ សាខន ជាប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល, ការរៀបចំព្រឹត្តិការអុំទូកនៅឆ្នាំនេះ ឃើញថាហាក់ស្អាត ល្អ មានសណ្ដាប់ធ្នាប់ និងរៀបរយល្អជាងឆ្នាំទៅមិញ ខណៈដែលក្រុមការងារគណៈកម្មការរៀបចំបុណ្យអុំទូកនេះ បានដាក់ផែនការ និងអនុវត្តន៍បានល្អពេញលេញប្រកបដោយភាពច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត។
បើតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអនុប្រធានគណៈកម្មការព័ត៌មាន និង សោទស្សន៍នៃពិធីរៀបចំបុណ្យអុំទូក បានឲ្យដឹងថា រដ្ឋបាលខេត្តកណ្តាល រៀបចំឲ្យតែឱឡារិក អធិកអធមជាងមុនជាមួយនឹងការត្រៀមកងកម្លាំងចំនួន៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ,រៀបចំឲ្យបានល្អជាងឆ្នាំមុនៗទៅទៀត ពោលគឺយើងនឹងមានការបន្ថែមការបាញ់កាំជ្រួច បណ្ដែតប្រទីបស្អាតៗ រៀបចំស្តង់លក់ដូរ លក់ម្ហូបអាហារនំចំណី វត្ថុអនុស្សាវរីយ៍ជាច្រើន ជាមួយនឹងការប្រគុំតន្ត្រីកន្ត្រាក់អារម្មណ៍ដែលមានតារាល្បីៗនឹងចូលរួមច្រៀងកម្សាន្តជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
លោកបន្តថា រដ្ឋបាលខេត្តបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព ខណៈដែលកងកម្លាំងទាំងអស់នឹងយាមកាមដើម្បីការពារសុខ សុវត្ថិភាពជូនពលរដ្ឋ។ មិនតែប៉ុណ្ណោះ ខេត្តក៍បានត្រៀមប៉ុស្តិ៍សម្រាប់ផ្ដល់ព័ត៌មាន ស្តង់ពេទ្យបឋម ឡានពេទ្យ ធុងសម្រាមគ្រប់ទីតាំង បន្ទប់ទឹកស្អាតជាច្រើនកន្លែង និងពិសេសបានពិនិត្យផងដែរទៅលើសុវត្ថិភឆពចំណីអាហារដើម្បីធានាថាម្ហូបអាហារដែលភ្ញៀវពិសារ គឺមានគុណភាពល្អ និងឆ្ងុយឆ្ងាញ់។ ដូច្នេះសូមពលរដ្ឋមកលេងកម្សាន្ត សូមរួមគ្នារក្សាអនាម័យទាំងអស់គ្នាផង។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសជួបក្រុមកីឡាករចំណុះទូក បានថ្លែងថា ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែនាំមកនូវសុខភាពល្អ សាមគ្គីភាព មិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សានូវប្រពៃណី ទំនៀមទម្លាប់របស់បុព្វបុរសយើងមានតាំងពីយូរមកហើយ។ ការប្រឡង ប្រ ណាំង មានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញ ចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូក សរុប ៣,៩៩៤នាក់។
ជាមួយគ្នានោះ លោកអភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំង ផងដែរ៕