ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន

12


វៀងច័ន្ទន៍៖សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត កាន់តែច្រើនឡើង ជាពិសេសការបង្កើនចំនួនស្រ្តីនៅក្នុងវិស័យនយោបាយបន្ថែមទៀត។
សម្តេចបានគូសបញ្ជាក់ដូច្នេះ នៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៥ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចបានសង្កត់ធ្ងន់ថា ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌ បិរយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ក៏ប៉ុន្តែការរួមវិភាគទានរបស់ស្រ្តីគឺជាកត្តាសំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិថែមទៀតផង។
«ការចូលរួមផ្នែកនយោបាយរបស់ស្ត្រីមិនមែនគ្រាន់តែជាបញ្ហាយុត្តិធម៌ប៉ុណ្ណោះទេ វាជាតម្រូវការមូលដ្ឋានសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព» នេះជាការគូសបញ្ជាក់ បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ បានបង្កើតឱ្យមានវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ជាលើកដំបូង។ វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នាពេលនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគត ប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា»។
លោកស្រី Sounthone Xayyachack អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដោយមានវត្តពីសមាជិកអាយប៉ានិងសភាសង្កេតការណ៍ចូលរួម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ និងលេខាធិការដ្ឋាន AIPA ដែលបានសហការគ្នារៀបចំវេទិកាដ៏មានសារៈសំខាន់ ទាន់ពេលវេលា និងសមស្របបំផុត។ សម្តេចបានសង្កត់ធ្ងន់ថា ការជួបជុំគ្នានៅពេលនេះ ចំពេលវេលាមួយដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលកំពុងជួបប្រឈមនូវបញ្ហាជាច្រើនដែលមិនអាចស្មានគិតទុកជាមុនបាន ហើយដែលតម្រូវឱ្យវិធានការជាបន្ទាន់ មានការដឹកនាំ និងកិច្ចសហការរួមគ្នា។
នៅក្នុងតំបន់អាស៊ាន ស្រ្តីមានចំនួនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុប។ ទោះបីជាមានវឌ្ឍភាពនៃការផ្តល់អំណាចដល់ស្រ្តី និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យមួយចំនួន ដូចជា ការអប់រំ និងការថែទាំងសុខភាពក៏ដោយ ក៏ស្រ្តីនៅជួបបញ្ហាប្រឈមនិងឧបសគ្គជាច្រើនដែលរារាំងដល់ការសម្រេចបាននូវសក្តានុពលពេញលេញរបស់ស្រ្តីនៅឡើយ។ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ការអនុវត្តនូវចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលឆ្លើយតបទៅនឹងយេនឌ័រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់នូវក្របខណ្ឌទូលំទូលាយមួយដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងតំបន់។
សម្តេចប្រធានរដ្ឋសភាបានជម្រាបជូនអង្គវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ថា កម្ពុជាបានសម្រេចបាននូវវឌ្ឍនភាពគួរកត់សម្គាល់លើបញ្ហាសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ជាពិសេសការលើកកម្ពស់ការចូលរួមផ្នែកនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (២០២៤-២០២៨) ដែលស៊ីសង្វាក់ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆន្ទៈរបស់អន្តរជាតិ ជាអាទិ៍ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងឆន្ទៈរបស់អង្គការសហប្រជាជតិ។ ចំណែកខាងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភាបានអនុម័តច្បាប់នានាដែលគាំទ្រដល់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា រដ្ឋសភាក៏បានបង្កើតក្រុមសមាជិកសភាស្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាស្ត្រី និងពង្រីកសំឡេងរបស់ស្រ្តី ព្រមទាំងបានផ្តួចផ្តើមយុទ្ធនាការ #Girl2Leader ដើម្បីផ្តល់ឱកាសដល់ក្មេងស្រីកម្ពុជាដែលមានអាយុចន្លោះពី១៤ឆ្នាំ ទៅ១៧ ឆ្នាំ មានឱកាសបានរៀនសូត្រនូវបទពិសោធន៍របស់តំណាងរាស្រ្តស្ត្រី ជាពិសេសទាក់ទងនឹងរបៀបនៃការចូលរួមក្នុងវិស័យនយោបាយ និងការទទួលបានតួនាទីជាអ្នកដឹកនាំ។
ក្នុងឱកាសនោះដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត សម្តេចប្រធានរដ្ឋសភាកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់មហាសន្និបាតអាយប៉ា ដែលនៅក្នុងនោះមាន៖
ទី១៖ មេដឹកនាំនយោបាយនៅគ្រប់លំដាប់ថ្នាក់ត្រូវបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដ ដើម្បីទទួលស្គាល់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តពិតជាសំខាន់ចាំបាច់សម្រាប់ដោះស្រាយបញ្ហានិងការប្រឈមនៅក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងសកលលោក។
ទី២៖ ត្រូវដោះស្រាយជាបន្ទាន់នូវផ្នត់គំនិតសង្គមដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ ដែលបញ្ហាទាំងនេះនៅតែបន្តកម្រិតសិទ្ធិនយោបាយរបស់ស្ត្រី។
ទី៣៖ ត្រូវលុបបំបាត់នូវឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងគណបក្សនយោបាយនិងតួនាទីដឹកនាំ។
ទី៤៖ ត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនថែមទៀតលើការកសាងសមត្ថភាព និងការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ។
ទី៥៖ ត្រូវលើកកម្ពស់និងពង្រឹងបណ្តាញអន្តរជាតិ និងភាពជាដៃគូដែលគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ។ តាមរយៈការបង្កើតវេទិកា និងឱកាសសម្រាប់កិច្ចសហការ យើងអាចពង្រីកសំឡេងរបស់មេដឹកនាំស្ត្រីនៅទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង